ភ្នំពេញៈ យុវជនម្នាក់បើកម៉ូតូលឿន ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តម៉ាកយូរី ដែលកំពុងតែបត់ចូលផ្ទះ បណ្តាលឲ្យដួលបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវបេតុង ភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនដែលរងគ្រោះរហូតដល់បាត់បង់ជីវិតនោះមានឈ្មោះ ម៉ុក ផល្លីម អាយុ២៥ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារ Post Newsថា នៅមុនពេលកើតហេតុ គេឃើញយុវជនខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខ ភ្នំពេញ 1CQ-4195 បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តម៉ាក់យូរី ពាក់ស្លាកលេខ ភ្នំពេញ 3C-2202 ដែលកំពុងតែបត់ចូលផ្ទះចំពាក់កណ្តាលរថយន្តបណ្តាលឲ្យអ្នកជិះម៉ូតូ បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ សពត្រូបានសមត្ថកិច្ចមូលដ្ឋានទាក់ទងសាច់ញាតិដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូត្រូវបាននគរបានចរាចរណ៍ធ្វើកាវាស់វែងយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/SavR6FnXm2Y
មតិយោបល់