ភ្នំពេញៈលោកទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយាដី ជា សុផារ៉ា នឹងប្រើកណ្តាប់ដៃដែក ក្នុងការរៀបចំតំបន់ឆ្នេរសមុទ្រឡើងវិញ។ លោក ជា សុផារ៉ា បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោកថា គ្រប់ឆ្នេរសមុទ្រទាំងអស់ នៅខេត្តព្រះសីហនុ នឹងត្រូវរៀបចំឲ្យមានច្រកចូល ដោយមានស្លាកឈ្មោះត្រឹមត្រូវ និងវិធានការក្តៅមួយចំនួនទៀត ដេីម្បីសម្រួលដល់ការកម្សាន្តរបស់ភ្ញៀវទេសចរនៅតំបន់ឆ្នេរ។
ក្នុងទំព័រហ្វេសប៊ុករបស់លោក ជា សុផារ៉ា បានបញ្ជាក់ថា នៅថៃ្ង១៦ ខែឧសភា ឆាំ្ន២០១៦ ខាងមុខនេះ លោកនឹងមានផែនការប្រជុំ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆេ្នរសមុទ្រខេត្តព្រះសីហនុ ដោយ
ទី១. បើករបងបាំងខឿនខាន់ព្រំដី តូប ដែលលយចូលឆេ្នរសមុទ្រខុសពីការកំណត់។
ទី២. បើកច្រកធើ្វកោ្លងច្រកចូល ដោយដាក់ឈោ្មះ (ឆេ្នរឯករាជ្យ ឆេ្នរអូរឈើទាល ឆេ្នរអូតេ្រះ…) ដើម្បីឲ្យកូនខែ្មរ និងទេសចរបានស្គាល់ ព្រោះកន្លងមកពួកគេបានហៅឈ្មោះក្រុមហ៊ុនបរទេស ហើយពួកគេដើរត្រង់មិនបានទើសតូប និងមើលមិនឃើញសម្រស់ និងលំហសមុទ្រ។
ទី៣. សម្រាប់កោ្លងច្រកចូល សូមអំពាវនាវសប្បុរសជនចូលរួម ដោយអនុញ្ញាតឲ្យដាក់ឈោ្មះ។ មិនទទួលក្រុមហ៊ុនផ្សាយបារី គ្រឿងស្រវឹង។
ទី៤. អភិវឌ្ឍតំបន់បៃតង សម និងបម្រែបម្រួលអាកាសធាតុ។
ទី៥. លើកកម្ពស់ជីវភាពប្រជាជន និងបង្កើតការងារជូនយុវជន។ គេសង្កេតឃើញថា នៅតំបន់សមុទ្រខេត្តព្រះស៊ីហនុ ត្រូវបានអ្នកមានអំណាចមួយចំនួន ចាប់រំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន និងការសង់តូបអនាធិបតេយ្យ និងការធ្វើរបងបិទច្រកចូលទៅកាន់តំបន់ឆ្នេរមួយចំនួនធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិពិបាកទៅកម្សាន្ត និងធ្វើឲ្យបាត់បង់សោភណ្ឌភាពតំបន់ឆ្នេរផងដែរ។
តាមរយៈទំំព័រហ្វេសប៊ុក លោក ជា សុផារ៉ា ដែលបានបញ្ជាក់ចំណុចខាងលើនេះ បានធ្វើឲ្យមហាជនមានការគាំទ្រយ៉ាងខ្លាំង ហើយសង្ឃឹម និងជឿជាក់លើការដឹកនាំរបស់លោក ហើយសូមឲ្យលោក ជា សុផារ៉ា ប្រើកណ្តាប់ដៃដែកនេះមានប្រសិទ្ធភាព៕








មតិយោបល់