បាត់ដំបងៈ ជនមួយក្រុមបានធ្វើសកម្មភាពផ្ទុះអាវុធ និងកាប់ចាក់គ្នាយ៉ាងសាហាវ នៅក្នុងហាងផឹកស៊ីមួយកន្លែងយីហោ «ឡាយឡាយ» ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង កាលពីវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី១៤ ឧសភា ២០១៦ ដោយត្រូវគេសង្ស័យថា បណ្តាលមកពីទំនាស់ដណ្តើមស្រីគ្នាបណ្តាលឲ្យរបួសធ្ងន់៣នាក់។
ទោះបីជាយ៉ាងណា គេមិនបានស្គាល់អត្តសញ្ញាណទាំង២ក្រុមនោះទេ ដោយក្នុងមួយក្រុមមានគ្នាពី៦-៧នាក់ដូចគ្នា និងដឹងថា ភាគីម្ខាងមានកាំភ្លើងខ្លី គឺជាមន្ត្រីនគរបាល ។ ចំណែកឯភាគីដាវសាមូរ៉ៃ គឺមានបក្សពួកប្រហែលគ្នា ក្នុងនោះមានស្រី៤នាក់ ហើយក្នុងចំណោមនោះយុវជនម្នាក់ ត្រូវគេបាញ់ចំពោះរងរបួសធ្ងន់មាន ឈ្មោះ សម ប័ររី អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិវត្តគ ឃុំវត្តគ ក្រុងបាត់ដំបង បច្ចុប្បន្ន កំពុងសង្គ្រោះនៅមន្ទីរឯកជន។
អ្នករងរបួសទាំងនោះ ត្រូវបានបក្ខពួកនាំយកទៅកាន់មន្ទីពេទ្យរៀងៗខ្លួន។ បើតាមប្រភពឱ្យដឹងថា មុនដំបូងគេឃើញទាំង២ភាគី បានចូលមកផឹកស៊ីនៅក្នុងហាងខាងលើ តាំងពីក្បាលព្រលប់មកម្ល៉េះ ដោយផឹករហូតដល់វេលាកើតហេតុនៅម៉ោង៤ជិតភ្លឺនោះ ក៏កើតទំនាស់ពាក្យសម្តីឌឺដងដាក់គ្នាចុះឡើងៗ ក៏ត្រូវខាងភាគីដាវសាមូរ៉ៃស្ទុះឡើង ទៅវាយខាងភាគីកាំភ្លើងមុន។ បន្ទាប់មកខាងភាគីដែលត្រូវគេវាយនោះ ដកកាំភ្លើងបាញ់១គ្រាប់ត្រូវចំពោះរបួស ហើយខាងដាវសាមូរ៉ៃឡើងមកចាក់វិញ ត្រូវខាងភាគីកាំភ្លើងរងរបួស២នាក់ផងដែរ។ រួចក៏នាំគ្នារត់ចេញមកក្រៅហាងចែកជើងគ្នាអស់ ដោយខាងកាំភ្លើង បានបាញ់គំរាមបន្ថែមទៀត។
ប្រភពបានបញ្ជាក់ថា ក្រោយកើតហេតុខាងកាំភ្លើង បន្ទាប់ពីកើតហេតុស្ងំស្ងាត់ ក៏បានមករើសសំបកគ្រាប់កាទុស្សទៅអស់ មិនឱ្យសល់១គ្រាប់ទេ តែត្រូវកម្លាំងប៉េអឹមរកឃើញស្បែកជើង១គូ តែមិនដឹងជាថា ជារបស់ខាងណាទេ ដោយពេលនេះកម្លាំងកំពុងស៊ើបអង្កេត រកមុខសញ្ញាទាំងនោះហើយ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ៕
មតិយោបល់