កណ្តាល: ភ្នាក់ងារPost Newsបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរឈប់មើលពេញផ្លូវ ខណៈសុទ្ធតែរថយន្តសេរីទំនើប បើកក្នុងល្បឿនលឿនប៉ះគ្នា បន្តទៅបុកម៉ូតូអូសនៅក្រោមរថយន្ត រួចទៅបុកបង្គោលភ្លើង និងម៉ូតូ បណ្តាលអោយយុវជនម្នាក់រងរបួសធ្ងន់បាក់ដៃ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២៥នាទី ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៧ ទល់មុខហាងកាហ្វេ យីហោ ហេង ហេង ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
នគរបាលចរាចរណ៍បានប្រាប់Post Newsឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លន់ ពន្លឺ ហៅ ទោ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរអ្នករត់តុ ។ ជនបង្កមានឈ្មោះ សយ ប៉ូរា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរជាងឡាន ។រីឯភាគីម្ខាងទៀតមិនទាន់ស្គាល់អត្តសញ្ញាណទេ។
នគរបាលចរាចរណ៍បានប្រាប់Post Newsអោយដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្តសេរីទំនើបមួយគ្រឿងម៉ាក ឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR.7989 បើកបរដោយយុវជនមិនស្គាល់ឈ្មោះពីទិសដៅជើងទៅត្បូង (ភ្នំពេញទៅតាខ្មៅ) លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក សឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K.9446 បើកបរដោយឈ្មោះ សយ ប៉ូរា ចេញពីយានដ្ឋានជួសជុលរថយន្តក្នុងល្បឿនលឿន ក្នុងទិសដៅស្របគ្នាក៏ស្រាប់តែស្ទុះទៅបុករថយន្ត ឡិចស៊ីស បន្តទៅបុកម៉ូតូមួយគ្រឿងម៉ាក ឡេត ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE.0434 បណ្តាលឲ្យអូសម៉ូតូ និងមនុស្សនៅក្រោមរថយន្ត បាក់ដៃរបួសធ្ងន់ ហើយបន្ថែមទៅបុកបង្គោលភ្លើងធ្វើអោយរថយន្តរងការខូចខាតមួយកំណាត់មុខទៅមុខលេងរួច ។
ភ្លាមៗនោះដែរជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ជ័យជំនះ ។ ចំណែកឯភាគីរថយន្តសេរីទំនើបទាំងសងខាងចរចារគ្នាក្នុងទឹកប្រាក់១០០០ដុល្លារមិនត្រូវទើបអោយជំនាញសមត្ថកិច្ចចរាចរណ៍យករថយន្តទាំងពីរគ្រឿង និងម៉ូតូ យកទៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់