ព័ត៌មានជាតិ

ជនជាតិញូហ្សឺលែន ស្រវឹងដើរទៅវាយអ្នកគ្រប់គ្រងភោជនីយដ្ឋានភែភឌីរ៉ាយស៍ដល់ក្នុងហាង ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ ជនជាតិញូហ្សឺលែនម្នាក់ ស្រវឹងស្រាដើររករឿងគេហើយចូលទៅក្នុងភោជនីដ្ឋានភែភឌីរ៉ាយស៍ វាយអ្នកគ្រប់គ្រងនៅក្នុងហាងចំនួនមួយដៃបណ្តាលអឲ្យបែកមាត់ត្រូវ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៣៦ កែងផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចភោជនីដ្ឋានបារាំង យីហោភែភឌីរ៉ាយស៍ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណ ណាក់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងនៅភោជនីដ្ឋាន ស្នាក់នៅផ្សារកណ្តាល១ ខណ្ឌដូនពេញ។ ចំណែកជនបង្កជាជនជាតិបរទេសមានឈ្មោះ Peter Miler ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិញូសឺឡែន ស្នាក់នៅផ្ទះលេខ៦ ផ្លូវ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មិនដឹងថាជនជាតិញូហ្សឺលែនម្នាក់វ័យ៥២ឆ្នាំ មិនដឹងថាមកពីផឹកស៊ីនៅឯណានោះទេក្នុងស្ថានភាពស្រវឹងស្រា មកចូលនៅក្នុងហាងរបស់គាត់ ហើយដើរចង្អុលមុខភ្ញៀវ ទើបគាត់បានទៅហាមឃាត់កុំឲ្យចង្អុលមុខភ្ញៀវ ស្រាប់តែត្រូវជនជាតិបរទេសនោះវាយមួយដៃចំមាត់ បណ្តាលឲ្យបែកមាត់ហូរឈាមពេញមាត់ ភ្លាមៗនោះដែលសន្តិសុខរួមនិងអ្នករត់រ៉ឺម៉កម៉ូតូ គាត់ឃើញក៏រត់ទៅឃាត់ ហើយត្រូវជនជាតិបរទេសរកវាយទៀត ទើបនាំគ្នាព្រួតវាយជនជាតិបរទេសវិញ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញក្បាល ភ្លាមៗនោះដែលសមត្ថកិច្ចក៏បានចុះមកអន្តរាគមន៍ឃាត់បានជនរងគ្រោះនឹងជនបង្កយកទៅប៉ុស្តិ៍ផ្សារកណ្តាល១ដើម្បីសួរនាំ។ ប្រជាពលរដ្ឋនៅម្តុំផ្លូវ១៣៦ក៏បានឲ្យដឹងដែលថា ជនជាតិបរទេសខាងលើនេះឲ្យតែស្រវឹងស្រាគឺដើររករឿងគេឯងជារឿយៗ ។

ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារកណ្តាល១ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់