ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងសៀមរាប​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធករណីលួចគ្រឿងអលង្ការ

សៀមរាបៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា​ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ក្នុងបន្ទប់ជួល ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួច (លួចគ្រឿងអលង្ការ) បង្កឡើងដោយជនសង្ស័យឈ្មោះ​ ភី សុខន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ មានស្រុកកំណើតភូមិព្រែកតាទេវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ខេត្តសៀមរាប ។

បានមកជួសជុលម៉ាស៊ីនត្រជាក់របស់ជនរងគ្រោះឈ្មោះ​ យ.រ.ថ.រ ភេទស្រី អាយុ២៦ឆ្នាំ​ ស្នាក់នៅភូមិកើតហេតុ ហើយបានលួចយកខ្សែកប្លាទីន បណ្តោងត្បូង និងក្រវិលប្លាទីន១ចំហៀង ដែលជនរងគ្រោះទុកក្នុងបន្ទប់ទឹក ខណៈជនរងគ្រោះចេញទៅក្រៅ​ ។

បន្ទាប់ពីលួចបានជនសង្ស័យបានគេចខ្លួន ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានរកឃើញជនសង្ស័យ នៅទីតាំងជួសជុលម៉ាស៊ីនត្រជាក់ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហើយនាំខ្លួនមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចគ្រឿងអលង្ការរបស់ជនរងគ្រោះពិតមែន ។

វត្ថុតាងដកហូតបាន៖ -គ្រឿងអលង្ការ របស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យខាងលើ​ ត្រូវបានបញ្ជូនទៅ​ការិយាល័យជំនាញ​ ដើម្បីបន្តនីតិវិធី​ ៕


មតិយោបល់