ព័ត៌មានជាតិ

រន្ធត់ណាស់!​​ រថយន្តបុករះបង្គោលភ្លើង ស្លាប់ និងរបួស ០៥នាក់

កណ្ដាល: បើតា​មភ្នាក់ងារ Post News​ ប្រចាំខែកណ្ដាល បានរាយការណ៍មកថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត១ គ្រឿងបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់មនុស្ស ០៤នាក់ និងរបួសស្រាលម្នាក់ កើតហេតុវេលាម៉ោង២២ និង៥០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ២១B នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។

រថយន្តបង្ក ម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN:1856 បើកបរដោយឈ្មោះ ភិន សុភ័ស្ត ហៅញ៉ាញ់ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករអគ្គិសនីស្រុកស្អាង ទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរមានគ្នា៤នាក់ ដោយទី១ ឈ្មោះ គង់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអាជីវករ (លក់កាហ្វេ) ទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ទី២ ឈ្មោះ ស្រេង សេងហៀង ហៅមាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងថតរូប ទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ទី៣ ឈ្មោះ នាង បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ) និងទី៤ ឈ្មោះ ពៅ ធរ ភេទប្រុស អាយុ២៨ឆ្នាំទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល រងរបួសស្រាល ត្រូវបានប្រពន្ធដឹកយកទៅផ្ទះភ្លាមៗ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបើកបរក្នុងទិសដៅពីជើងមកត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយនឹងរបងផ្ទះប្រជាជន ហើយបានជ្រុលទៅបុកបង្គោលភ្លើងចំនួន២ដើម បណ្តាលឲ្យបង្គោលបាក់ រីឯរថយន្តក្រឡាប់តែម្តង។

ករណីនេះ បណ្តាលឲ្យស្លាប់បុរស ៤នាក់ និងបុរសម្នាក់ទៀតរងរបួសស្រាល ព្រមទាំងខូចខាតរថយន្ត១គ្រឿងធ្ងន់ បាក់បង្គោលភ្លើងចំនួន២ដើម និងរបងផ្ទះប្រជាពលរដ្ឋមួយចំនួន។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យសពរួចរាល់ ហើយក៏បានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។

តាមប្រភពពីមិត្តភក្តិរបស់ជនរងគ្រោះទាំងនោះ បានបញ្ជាក់ថា ពួកគេបានផឹកស៊ីនៅក្រុងតាខ្មៅ ដោយស្រវឹងស្រាយ៉ាងខ្លាំងទាំងអស់គ្នា រួចក៏បើកបររថយន្តត្រឡប់មកផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងរបងផ្ទះប្រជាជន ហើយបានជ្រុលទៅបុកបង្គោលភ្លើងចំនួន២ដើម បណ្តាលឲ្យបង្គោលបាក់ រីឯរថយន្តក្រឡាប់តែម្តង។

ចំណែកវត្ថុតាង សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរងចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់