ព័ត៌មានជាតិ

ប្លន់សម្លាប់យកម៉ូតូបានជាង៣ម៉ោង ត្រូវសមត្ថកិច្ចស្ទឹងត្រែងក្របួចជាប់

ស្ទឹងត្រែង: លោកអធិការក្រុងស្ទឹងត្រែងបានប្រាប់ Post News ថា មានករណីប្លន់ដោយអាវុធសម្លាប់យកម៉ូតូ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចចាក់សំរាម ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ ដួង ច្រង់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការនគរបាលក្រុងស្ទឹងត្រែង ធ្វើការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនមុខសញ្ញាប្លន់ចំនួន៣នាក់ ទី១ឈ្មោះ ហង្ស រិទ្ធី ហៅម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង,ទី២ឈ្មោះ ហយ សុភា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងជនសង្ស័យទី៣ឈ្មោះ ម៉ង់ គីរីជលសា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនេសាទ ស្នាក់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាម្ចាស់ផ្ទះរក្សាទុកផលចោរកម្ម។ ក្នុងដកហូតវត្ថុតាង ម៉ូតូជនរងគ្រោះចំនួន១គ្រឿងម៉ាកសេ១២៥ ស៊េរី២០០៧,ដំបងឈើចំនួន២ដើម,ម៉ូតូម៉ាកវ៉េវអេស ពណ៌ស លាយខ្មៅ ស៊េរី២០១៤ ដែលជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ។

ចប្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរនិងកសាងសំណុំរឿងនៅការិយាល័យជំនាញ ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់