ភ្នំពេញៈ ផ្ទះវេលុយវីង និងប្តូរប្រាក់មួយកន្លែង យឺហោ ស្រីពេជ្រ ត្រូវបានក្រុមចោរមានបក្ខពួក៣នាក់ ធ្វើសកម្មភាពភ្ជង់នឹងវាយប្លន់យកប្រាក់អស់ជាង ១ម៉ឺនដុល្លា និងម៉ូតូ១គ្រឿង បន្ទាប់ពីជនរងគ្រោះត្រឡប់មកពីផ្សារមកដល់មុខផ្ទះ ក៏ត្រូវក្រុមប្លន់យកទៅបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចណាម្នាក់នោះឡើយ។
ហេតុការនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខB09 ផ្លូវបេតុងលេខ១០៥ ក្រុម២ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ តឹក វ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មានមុខរបរប្តូរលុយវីងនៅផ្សារឯកជន ហាក់ ស្រ៊ាង ឡាក់គី ទួលសង្កែ រស់នៅភូមិកើតហេតុខាងលើ។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីផ្សារប្តូរលុយ និងវីងនៅផ្សារខាងលើ ដោយជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវអ៊ី ២នាក់កូនស្រីឈ្មោះស្រីពេជ្រមានអាយុជាង ២០ឆ្នាំ ខណៈមកដល់មុខផ្ទះរបស់ខ្លួន ក៏មានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក ប្រដាប់ដោយកាំភ្លើងខ្លី ១ដើមមិនស្គាល់ម៉ាកមកភ្ជង់ នឹងគ្រៀក កវាយជនរងគ្រោះជាច្រើនដៃ បណ្តើមយកកាបូបលុយ និងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះឡើងជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។
ប្រភពបានរាយការណ៍បន្ថែមថា ទ្រព្យសម្បត្តិដែលបាត់បង់នោះរួមមាន ប្រាក់រៀលសរុបចំនួន ១៤លានរៀល,ប្រាក់ដុល្លារ ២៨០០០ដុល្លារ, ម៉ូតូម៉ាក វ៉េវអ៊ី ១គ្រឿង បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះទៅទីតាំងកើតហេតុហើយសមត្ថកិច្ចបានតែកំណត់ប៉ុណ្នោះ។
ប្រជាពលរដ្ឋបានសង្កេតឃើញថា នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមកនេះ បទល្មើសប្លន់ជនរងគ្រោះតាមដងផ្លូវ ក៏ដូចជាប្លន់ដល់មុខផ្ទះ ចាប់ផ្តើមកើតកក្រើកឡើងវិញមុនចូលឆ្នាំទៀតហើយ។
ប្រជាពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវ បានកោតសសើដល់លោកអធិការ ទៀង ច័ន្ទសារ ក្នុងករណីបង្ក្រាបគ្រឿងញៀនកំប៉ិកកំប៉ុកក្នុងមូលដ្ឋានបានយ៉ាងច្រើនករណីទាំងអ្នកជក់ អ្នកចែកចាយ ផ្ទុយទៅវិញ ចំពោះករណីប្លន់ជាក់ស្តែងករណីខាងលើនេះ បានត្រឹមត្រូវបញ្ចូនមន្ត្រីចុះមកធ្វើរបាយការណ៍តែប៉ុណ្ណោះ៕
មតិយោបល់