ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើង និងដើមឈើ បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: នៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បើកលឿនរេចង្កូតបុកបង្គោលភ្លើង និងដើមឈើ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចជិតស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តម៉ាក SIEENA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-4379 អ្នកបើកបរ និងរួមដំណើរសរុប ៣នាក់ រងរបួសធ្ងន់ស្រាល។

ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសម្នាក់ ជាតៃកុងរថយន្តសង្ស័យស្រវឹងស្រា និងរួមដំណើរជាមួយនារីបុរស ២នាក់ទៀត បានបើករថយន្តធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូត ទៅខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លើងមួយដើមយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់សង្កត់ទៅលើសំយ៉ាបផ្ទះពលរដ្ឋ រួចបន្តទៅបោកផ្ទប់នឹងដើមឈើមួយដើមទៀត បណ្តាលឲ្យខ្ទាតតៃកុងនិងអ្នករួមដំណើរជាមួយខ្ទាតមកក្រៅរងរបួសធ្ងន់ ២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯនារីម្នាក់ទៀតគ្រាន់តែរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់