ព័ត៌មានជាតិ

កូនសិស្សជាង២០០នាក់នៅស្រុកឆ្លូង អង្គុយសិក្សាក្នុងបន្ទប់ ក្រោមដំបូលប្រក់ស្លឹកទ្រាំង គ្មានជញ្ជាំង ជាយូយាណាស់មកហើយ អាជ្ញាធរមើលមិនឃើញ

(ក្រចេះ) សិស្សានុសិស្សជាង២០០នាក់ រស់នៅភូមិឆក់កន្ទោង ឧបសម្ព័ន្ធ ភូមិឈើទាល់ភ្លោះ ឃុំព្រែកសាមាន់ ស្រុកឆ្លូង ខេត្តក្រចេះ កំពុងដង្ហោយរក និងរងចាំសប្បុរសជនរួមទាំងអាជ្ញាធរមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីផ្តល់ទីតាំងសិក្សាឲ្យបានសមរម្យ ខណៈពួកគេទាំងនោះ កំពុងតែអង្គុយសិក្សាក្នុងបន្ទប់ក្រោមដំបូលប្រក់ស្លឹកទ្រាំង គ្មានជញ្ជាំងជាយូយាណាស់មកហើយ។

ឃើញសភាពបែបនេះ ប្រជាពលរដ្ឋនៅភូមិឆក់កន្ទោង បានរាយការណ៍ថា កូនៗរបស់ពួកគាត់បច្ចុប្បន្នកំពុងតែអង្គុយរៀននៅក្នុងសាលាកំសត់ក្នុងភូមិ ព្រោះតែពួកគេពិបាក ធ្វើដំណើរចូលទៅ សិក្សានៅសាលាឆ្ងាយៗ ដោយសារតែសុវត្ថិភាព និងជីវភាពខ្វះខាតរួមទាំងមធ្យោបាយធ្វើដំណើរ ហេតុនេះ ពួកគាត់ស្នើសុំដល់ថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរ សប្បុរសជននានា មេត្តាជួយផ្តល់ទីតាំង សិក្សាមួយឲ្យបានសមរម្យ ដើម្បីសម្រួលឲ្យកូនៗពួកគាត់មានឱកាសរៀន សូត្រដូចកូនចៅអ្នកដទៃផ្សេងទៀត។

ក្នុងនោះក្មេងៗ ដែលកំពុងតែអង្គុយរៀនក្នុងថ្នាក់ប្រក់ដំបូលស្លឹកទ្រាំង គ្មានជញ្ជាំង ខ្យល់ ភ្លៀងបក់ ចូលរន្ទះផ្គរ បោកបក់ពេលរដូវវស្សាមកដល់ បានត្អូញត្អែរទាំងទឹកមុខស្រងូតស្រងាត់ថា ពួកគេបានរៀនសូត្រក្រេបចំណេះវិជ្ជាពីគ្រូក្នុងភូមិបានខ្លះ ដោយសារតែគ្រូបង្រៀនគាត់មានកិច្ចការរវល់ ដោយឡែកទីតាំងរៀនវិញសោត មានតុអង្គុយគ្រប់គ្រាន់ ប៉ុន្តែក្តារខៀនពុកផុយ ហើយសាលាគ្មានជញ្ជាំង វាលរហរហេវ គ្មានសុវត្ថិភាពទាល់តែសោះ។

ឆ្លើយតបបញ្ហាខាងលើ លោក សេង ភីណា អភិបាលរងស្រុកឆ្លូង បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារលោក បានចុះទៅសិក្សានៅចំនុចភូមិសាស្រ្តនោះហើយ ជាក់ស្តែងនៅភូមិឆក់កន្ទោងនោះ មានសាលារៀនថ្មរួចហើយ តែដោយសារអាត្រាសិស្សមាន ការកើនឡើង ខ្វះបន្ទប់ ទើបនាយកសាលាសម្រេចបង្កើតបន្ទប់ក្រៅដើម្បីសម្រួលឲ្យក្មេងៗចូលរៀនបណ្តោះអាសន្ន ទម្រាំការិយាល័យអប់រំស្រុកទទួលបានការសម្រេចបង្កើតបន្ទប់រៀនថ្មីបន្ថែម៕

351246

មតិយោបល់