ព័ត៌មានជាតិ

Update៖ ចោរថ្លើមធំ! ចូលលួចទូរសព្ទគេដល់ក្នុងផ្ទះ ម្ចាស់គេទាន់ក្របួចជាប់!

ភ្នំពេញ: យុវជនម្នាក់ ចូលលួចទូរសព្ទគេដល់ក្នុងផ្ទះបាន២គ្រឿងហើយ បែរជាគេចមិនផុតត្រូវបានម្ចាស់ផ្ទះឃើញទាន់ ក៏ស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់ក្របួចបាន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អែម សុខវិត អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងវត្តនាគវ័ន្ត ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រីឯជនរងគ្រោះមានឈ្មោះ រ័ត្ន មនោរ៉ាឌី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ២៩០ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ចំណែកទូរសព្ទ២គ្រឿងដែលលួចបានរួមមាន ម៉ាកហូវេ១គ្រឿង និងម៉ាកអាយហ្វូន១គ្រឿង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរសព្ទចំនួន២គ្រឿង នៅលើតុក្នុងបន្ទប់ទទួលភ្ញៀវ ហើយចូលទៅងូតទឹកបាត់។ លុះងូតទឹករួចជនរងគ្រោះបើកទ្វារចេញមកវិញ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើធ្វើសកម្មភាពលួចទូរសព្ទរបស់ខ្លួនដែលបានទុកនៅក្នុងបន្ទប់ទទួលភ្ញៀវនោះ ខណ:នោះម្ចាស់ទូរសព្ទក៏ស្រែកថាចោរៗ បណ្តាលឲ្យផ្អើលដល់ប្រជាពលរដ្ឋ សន្តិសុខនិងសមត្ថកិច្ចចាប់ក្របួចជនសង្ស័យបានតែម្តង។

ក្រោយពេលកើតហេតុ ទូរសព្ទទាំង២គ្រឿងខាងលើត្រូវបានប្រគល់ឲ្យម្ចាស់វិញ។
ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់