បន្ទាយមានជ័យៈ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនតាមរយៈការស្រាវជ្រាវស៊ើបអង្កេតពីកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់រថយន្តដែលបានបំពាក់នៅខាងមុខផ្ទះ។ ក្រោយពីពួកគេធ្វើសកម្មភាពលួចរថយន្ត១គ្រឿងបានសម្រេច នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង១និង៤០នាទីយប់ ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។
ការបង្រ្កាបចាប់ខ្លួនជនសង្ស័យនិងដកហូតបានរថយន្តមកវិញក្រោមការអនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងនោះបានដឹកនាំកម្លាំងអនុវត្តផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ខែម សោភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តផងដែរ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់រងការចាប់ខ្លួនមានឈ្មោះ ១,អ៊ុន ចំរើន ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិ២ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មុខរបរ ជាងជួសជុលរថយន្ត និងទី២ឈ្មោះ ប៊ិន រក្សា ហៅ ណុប ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុម្ចាស់រថយន្តមានឈ្មោះ ម៉ាច រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ បានយករថយន្តម៉ាកកាមរី ពណ៌ស ស៊េរីឆ្នាំ១៩៩៧ ចតទុកចោលនៅខាងមុខផ្ទះ។
បន្ទាប់មកជនសង្ស័យ៣នាក់ ពួកគេជាជាងជួសជុលរថយន្តនៅក្បែរផ្ទះម្ចាស់រថយន្តរងគ្រោះ បានជិះម៉ូតូ១គ្រឿង មកចាក់សោទ្វាររថយន្ត ហើយ ក៏បើកចេញយកទៅបាត់ ខណៈដែលម្ចាស់ផ្ទះដេកលង់លក់។ ក្រោយពីជនសង្ស័យលួចរថយន្តនោះហើយ ម្ចាស់ផ្ទះក្រោកឡើង មិនឃើញរថយន្តក៏នាំគ្នាឆោឡោប្តឹងសមត្ថកិច្ចឱ្យជួយរករថយន្តរបស់ខ្លួន។
កម្លាំងនគរបាលក៏បានបើកការស្រាវជ្រាវស៊ើបអង្កេតនិងកំណត់បានមុខសញ្ញាជនសង្ស័យតាមរយៈកាមេរ៉ាសុវត្ថិភាព។ ទើបនៅល្ងាចថ្ងៃដដែល កម្លាំងនគរបាលក៏បានចាប់ខ្លួនពួកគេបាន២នាក់និងម្នាក់ទៀតរត់គេចខ្លួន ខណៈដែលជនសង្ស័យបានជិះរថយន្តដើរផឹកស៊ី ចូលហាង នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។
លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាលួចរថយន្តនោះប្រាកមែន គឺគេប៉ងលួចយូរហើយឃើញម្ចាស់ផ្ទះទុកនៅខាងមុខផ្ទះ។ រថយន្តនោះគេលួចទៅក្នុងបំណងទុកជិះដើរលេងផឹកស៊ីប៉ុណ្ណោះ។ ជនសង្ស័យ២នាក់នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ដោយឡែករថយន្តមួយគ្រឿងនោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តក៏បានប្រគល់ឱ្យម្ចាស់ដើមវិញ។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត១លានរៀលជូនដល់កម្លាំងនគរបាលដែលបានបំពេញកិច្ចការងារបំបែកសំណុំរឿងអំពើលួចរថយន្តនៅក្រុងសិរីសោភ័ណ។
សូមបញ្ជាក់ថា នៅក្រុងសិរីសោភ័ណ មាន២ករណីហើយដែលមានអំពើលួចគាស់យករថយន្តចំនួន២គ្រឿង ។ ប៉ុន្តែរាល់សម្មភាពនៃការលួចរថយន្តរបស់ប្រជាពលរដ្ឋ ត្រូវបានការបង្រ្កាបពីកម្លាំងនគរបាលទាំង២ករណី៕
មតិយោបល់