ព័ត៌មានជាតិ

កាត់ទោសបុរសខ្មែរម្នាក់ និងជនជាតិ នីហ្សេរីយ៉ា២នាក់ រឿងលក់គ្រឿងញៀន

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ជនជាប់ចោទ ខ្មែរម្នាក់ និងនីហ្សេរីយ៉ា ២នាក់ ពាក់ព័ន្ធសំណុំរឿង ជួញដូរគ្រឿងញៀន។

លោក កុល ប៊ុន ជាតំណាងអយ្យការនៃសវនាការ បានចោទប្រកាន់ជនជាប់ចោទ៖
-ទី១ឈ្មោះ ប៊ុត សុបិន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ
-ទី២ឈ្មោះ SAMSON IFECHI FRIDAY ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា
-ទី៣ឈ្មោះ ONWUKA CHIBOSOR ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា

ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងបទ សមគំនិតក្នុងអំពើ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចស្ថានីយប្រេងតេលា តាមបណ្តោយផ្លូវវេងស្រេង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យោងតាមមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ប៊ុត សុបិន្ត សារភាពថា ខ្លួនបានទិញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ពីមនុស្សស្រីម្នាក់ (ជិះម៉ូតូម៉ាក ហ្វីណូ) ចំនួន៣ដង ដោយម្តង ចំនួន ១,១៤១ក្រាម តម្លៃ ១០០ដុល្លារ ហើយយកទៅលក់តឱ្យម៉ូយ ក្នុងតម្លៃ ២០០ដុល្លារ។

នៅថ្ងៃឃាត់ខ្លួនសមត្ថកិច្ចបានដកហូតគ្រឿងញៀន ចំនួន ៤កញ្ចប់ ទម្ងន់សរុប ១,១៤១ក្រាម។

ខ្លួនបានឱ្យបងប្រុសឈ្មោះ ជី ដែន ជាអ្នកទៅយកគ្រឿងញៀនពី ស្ត្រីអ្នកលក់ ២ដង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានឱ្យខ្លួនសហការ និងបញ្ជាទិញគ្រឿងញៀនបន្ថែមពី ស្ត្រីដែលខ្លួនធ្លាប់ទិញគ្រឿងញៀននោះ ទើបឈានដល់ការឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ា ទាំង២នាក់ខាងលើ នៅពេលដែលពួកគេយកគ្រឿងញៀនមកឱ្យខ្លួន។

ជនជាប់ចោទឈ្មោះ SAMSON IFECHI FRIDAY សារភាពថា ខ្លួនជាអ្នកយកគ្រឿងញៀន ចំនួន ១កញ្ចប់ ដាក់ក្នុងកញ្ចប់សាប៊ូ យកទៅឱ្យឈ្មោះ ប៊ុត សុបិន្ត។

ខ្លួនបានយកគ្រឿងញៀនពីស្ត្រីខ្មែរ ម្នាក់ដែលជិះម៉ូតូហ្វីណូ ឱ្យយកទៅឱ្យឈ្មោះ ប៊ុត សុបិន្ត ដោយទទួលបានថ្លៃសេវា ២០ដុល្លារ។

ជនជាប់ចោទឈ្មោះ ONWUKA CHIBOSOR ឆ្លើយថា ខ្លួនពិតជាបាន ជិះម៉ូតូឌុប ឈ្មោះ SAMSON IFECHI FRIDAY ទៅជួប ឈ្មោះ ប៊ុត សុបិន្ត មែន ប៉ុន្តែខ្លួនមិនបានដឹងថា ឈ្មោះ SAMSON IFECHI FRIDAY យកគ្រឿងញៀនទៅឱ្យឈ្មោះ ប៊ុត សុបិន្ត នោះទេ ទាល់តែសមត្ថកិច្ចចាប់ខ្លួន ទើបដឹង។

ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវបានតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ខាងមុខវិញ៕

https://youtu.be/gZlU2OXRBRA

មតិយោបល់