កណ្តាលៈ ករណីហិង្សាមួយបានកើតឡើងបង្កដោយក្រុមក្មេងទំនើង ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី ថ្ងែទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
ក្រុមជនសង្ស័យ ក្មេងទំនើងមានគ្នា៧នាក់រួមមាន ១ឈ្មោះ សម្បត្តិ ទូច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅ ភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល (ឃាត់) ២ឈ្មោះ ទូច សេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ ឃុំកើតហេតុខាងលើ(ឃាត់ខ្លួន) ៣ឈ្មោះ ភក្រ្ត័ គឹមហាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ ឃុំកើតហេតុខាងលើ(ឃាត់ខ្លួន) ៤ឈ្មោះ ឃឿន លីហ៊ាង ហៅអាំ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ ឃុំកើតហេតុខាងលើ (គេចខ្លួនបាត់) ៥ឈ្មោះ វ៉ុន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក(គេចខ្លួនបាត់) ៦ឈ្មោះ រ៉ា ភេទប្រុស នៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក (គេចខ្លួនបាត់) និងទី៧ឈ្មោះ ឈា ហ៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក (គេចខ្លួនបាត់) ។
ចំណែកជនរងគ្រោះ២នាក់ រួមមាន ១ឈ្មោះ យ៉ុន ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ ឃុំកើតហេតុខាងលើ (ពុំមានស្នាកស្នាមរងរបួស) និងទី២ឈ្មោះ យ៉ុន សុខចេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ ឃុំកើតហេតុ រងរបួសត្រង់គល់ត្រចៀក ខាងឆ្វេងផ្នែកក្រោយ ស្នាមដាច់ស្រាល។
វត្ថុតាងចាប់យករួមមាន ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ទឹកមាស គ្មានស្លាកលេខ ចំនួន១គ្រឿង ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ-9331 ចំនួន១គ្រឿង ម៉ូតូហុងដា zoomer xស៊េរីឆ្នាំ២០១៧ ពណ៌សលាយ ទឹកក្រូចពាក់ស្លាកលេខភ្នំពេញGF-5939 ចំនួន១គ្រឿង និងដែកស្រួចជំពុះទុងកាំភ្លើងចំនួន១ រួមនិងជំពាមកៅស៊ូ ដងឈើ ចំនួន១ទៀតផងដែរ។
មុនពេលកើតហេតុជនរងគ្រោះឈ្មោះ យ៉ុន សុខចេង បានទៅបេះផ្លែស្វាយ នៅឃុំខ្ពបអាទាវ បានជួបប្រទះជាមួយក្រុមក្មេងទំនើងខាងលើ ដែលបាននិយាយរករឿងវាយឈ្មោះ យ៉ុន សុខចេង តែឈ្មោះ យ៉ុន សុខចេង ពុំហ៊ានតមាត់អ្វីទេ ពេលនោះក្រុមក្មេងទំនើងក៏នាំគ្នា ជិះម៉ូតូទៅបាត់ទៅ ចំណែកឈ្មោះ យ៉ុន សុខចេង ក៏និយាយរឿងនេះប្រាប់ទៅបងបង្កើត ឈ្មោះ យ៉ុន ធារ៉ា ស្របពេលនោះអ្នកទាំង២នាក់បងប្អូន ក៏នាំ គ្នាជិះម៉ូតូឡើងមកផ្ទះទៅភូមិព្រែកតូច ឃុំព្រែកដាច់វិញដែរ។
លុះមកដល់មុខផ្ទះរបស់ខ្លួន ក៏បានជិះកាត់ម៉ូតូក្រុមក្មេងខាងលើ រួចក៏សួថា រឿងអីបានជាពួកឯងរកវាយប្អូនរបស់ខ្ញុំ ពេលនោះក្រុមក្មេងខាងលើ ក៏ជិះម៉ូតូដេញវាយ ឈ្មោះ យ៉ុន ធារ៉ា និង ឈ្មោះ យ៉ុន សុខចេង តែ២នាក់បងប្អូន ក៏រត់គេចរួច ហើយពួក ក្រុមក្មេងនោះក៏នាំគ្នាជិះហួសមកលើបាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមកដល់ម៉ោងប្រហែល៨និង១០នាទីក្នុងថ្ងែដដែលស្រាប់តែក្រុមក្មេងទំនើងដដែលនេះ បាននាំគ្នាជិះម៉ូតូ មកដល់មុខផ្ទះជនរងគ្រោះ រួចចុះដេញវាយជនរងគ្រោះទាំង២នាក់ខាងលើ បណ្ដាលឲ្យ ឈ្មោះ យ៉ុន សុខចេង ត្រូវរបួសស្នាម(ស្រាល)ត្រង់គល់ត្រចៀកខាងឆ្វេង ផ្នែកខាងក្រោយ១កន្លែង ហើយជនរងគ្រោះទាំង២នាក់ក៏នាំគ្នារត់ផង។
ក្រោយពេលកើតហេតុត្រូវបានប្រជាជននៅជិតខាង ជួយស្រែកផ្អើលឆោរឡោរ ដេញចាប់ក្រុមក្មេងទំនើង និងរួមសហការណ៍ជាមួយនគរបាល និងយោធាស្រុក តាមឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន៣នាក់ ព្រមទាំងវត្ថុតាង រួចបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់