ព័ត៌មានជាតិ

Update៖បង្ក្រាបទីតាំងផលិត និងស្តុកគ្រឿងសម្អាងក្លែងក្លាយចំនួន៣ ដកហូតវត្ថុតាងជាច្រើន

កណ្តាល: ថ្នាំលាបសក់ សាប៊ូកក់សក់ ឡេលាបស្បែកឲ្យស និងម៉ាសបិទមុខជាច្រើនត្រូវបានគណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បង្ក្រាបនិងរឹបអូសបានជាបន្តបន្ទាប់។

ទីតាំងស្តុកនិងផលិតគ្រឿងសម្អាងក្លែងក្លាយចំនួន២នៅខេត្តកណ្តាល និងមួយ នៅរាជធានីភ្នំពេញ ត្រូវបានគណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បង្ក្រាបរឹបអូស។ ចំណែកឯថៅកែត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនឡើងកាន់តុលាការ។

លោកឧត្តមសេនីយ៍ទោ លីវ សុផាណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណ:កម្មកា រប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មុននឹងឈានដល់ការបង្ក្រាបទីតាំងទាំង៣នេះ គឺយើងធ្វើការស៊ើបអង្កេត និងស្រាវជា្រវអស់រយ:ពេលជាង៣ខែមកហើយ។

លោកឧត្តមសេនីយន៍បានឲ្យដឹងទៀតថា ទីតាំងដែលយើងធ្វើការឆែកឆេរ និងបង្ក្រាបទី១នេះ គឺជាកន្លែងផលិតតែម្តង និងស្ថិតនៅក្នុងភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយរកឃើញនូវវត្ថុធាតុដើមសម្រាប់ផលិតថ្នាំលាបសក់ចំនួន១០ធុង ស្មើនឹង១០៣០គីឡូក្រាម, សារធាតុសម្រាប់លាយជាមួយថ្នាំលាបសក់ចំនួន៦ធុង ស្មើនឹង៩៦០គីឡូក្រាម និងផលិតផលសម្រេចរួមមាន ឡេលាបស្បែកចំនួន៤៣កេស ស្មើ២៣៣៦គីឡូក្រាម, ថ្នាំលាបសក់ចំនួន១០០កេស ស្មើនឹង២៣៣៥គីឡូក្រាម,ម៉ាស៊ីនសម្រាប់ផលិតថ្នាំលាបសក់១០គ្រឿង ,សំបកវេចខ្ចប់៤៣៥កេស ទម្ងន់៤៨៥០គីឡូក្រាម ,សំបកកេស ៧៩៩គីឡូក្រាម ,ប្រអប់ម្សៅ ៤១កេស ,សំបកម៉ាក២៤កេស ,កម្ទេចជ័រ៨បាវ ,ដបជ័រមិនទាន់ច្រក៨បាវ ,សំបកធូបមូស៧កេស ,និងប៉ាន់សក់ចំនួន១០កេស ស្មើ២៣០គីឡូក្រាម។

ក្រោយមកក៏បន្តទៅឆែកឆេរទីតាំងទី២ នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ រួមមានសាប៊ូកក់សក់ចំនួន១៤៦ កេសធំ ស្មើនឹង៣៧៩៦គីឡូក្រាម និង១៨៧ កេសតូច ស្មើ២៤៣១គីឡូក្រាម ,ម៉ាស៊ីនផលិតសាប៊ូ៦គ្រឿង ,ធុងថ្នាំសម្រាប់ផលិតសាប៊ូមិនទាន់ប្រើ១៥ធុង និងធុងប្រើរួចចំនួន៧៨ធុង។

ដោយឡែកទីតាំងស្តុក១ទៀត ដែលស្ថិតនៅផ្ទះលេខ៨២ ផ្លូវ៣៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ រកឃើញថ្នាំលាបសក់ចំនួន១០០០កេសទៀត។

លោកប្រធានលេខាធិការដ្ឋាន បានបន្ថែមដែរថា ទីតាំងនេះ គឺមិនមានច្បាប់ទេ ហើ យផលិតផលដែលគេនាំចូលមកផលិតនេះ ក៏ពុំបានឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញដែរ គឺលួចនាំចូល។ លោកបន្តទៀតថា ផលិតផលទាំងអស់នេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ណាស់ ហើយក៏បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ព្រោះគេប្រើសុទ្ធតែម៉ាកល្បីៗ និងក្លែងថា ជាផលិតផលមកពីប្រទេសចិន និងកូរ៉ខាងត្បូង។

គួរបញ្ជាក់ដែរថា ថ្នាំលាបសក់ ក្លែងក្លាយទាំងអស់ ម៉ាក LOMEQI និងសាប៊ូម៉ាកMay Key និងម៉ាក Max និងម្សៅលាបមុខឲ្យស ម៉ាកLS និងBL ហើយមានថៅកែជាជនជាតិចិន ដែលបានមកលួចធ្វើផលិតផលក្លែងក្លាយទាំងនេះ ៣ទៅ៤ឆ្នាំមកហើយ និងតែងតែចល័តពី កន្លែងមួយទៅមួយ ហើយប្តូរមកផលិតនៅក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅនេះ ប្រមាណ១ឆ្នាំហើយដែរ៕

មតិយោបល់