ព័ត៌មានជាតិ

ទណ្ឌិតជិត៨០នាក់ទទួលបានការបន្ធូរបន្ថយនិងលើកលែងទោស ក្នុងឱកាសចូលឆ្នាំថ្មី

ភ្នំពេញៈ បើយោងតាមការឲ្យដឹងរបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ គណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានពិនិត្យ និងសម្រេចស្នើសុំលើកលែងទោសដល់ទណ្ឌិតចំនួនតែ៤នាក់ (ស្រីម្នាក់)ប៉ុណ្ណោះ និងបន្ថូរបន្ថយទោសដល់ទណ្ឌិតចំនួនសរុប ៧១នាក់ (ស្រី១០នាក់) ក្នុងចំណោមទណ្ឌិតចំនួន ៣៩១នាក់ ដែលបានស្នើសុំមកនោះ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

គួររំលឹកថា ពាក់ព័ន្ធករណីបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតនេះ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានព្រមានថា មិនឲ្យមានការដាក់ស្នើលើកលែងទោស ឬបន្ធូរ បន្ថយទោស ចំពោះទណ្ឌិត ដែលមានបទល្មើស ប្លន់ប្រដាប់អាវុធ និងឈ្មួញ គ្រឿងញៀនធំៗ ឬបើស្នើមកសម្តេចជាអ្នកពិនិត្យមើលផ្ទាល់ម្តងមួយៗដោយប្រុងប្រយ័ត្នបំផុត ព្រោះសម្តេចលែងទុកចិត្ត។

សម្តេចលើកឡើងថា ការប្រុងប្រយ័ត្ននេះព្រោះតែជនសង្ស័យជាចោរប្លន់ និងជួញដូរគ្រឿងញៀន ភាគច្រើនជាមុខសញ្ញាចាស់ នៅពេលសមត្ថកិច្ចចាប់បាន ខណៈមានអ្នកដែលកែប្រែបានតិចតួចពេលទទួលបានការលើកលែងទោស។

សម្តេចសង្កត់ធ្ងន់ថា ទណ្ឌិតជាចោរប្លន់ និងអ្នកជួញដូរគ្រឿងញៀន ចេញពីគុកលឿនជាងទណ្ឌិតធម្មតា រហូតមានជនជាប់ឃុំខ្លះត្រូវតុលាការឃុំលើសនីតិវិធីក៏មាន។

សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗកម្ពុជា បានលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ៣លើក រួម មាននៅ បុណ្យចូលឆ្នាំ បុណ្យអុំទូក និង បុណ្យពិសាខបូជា ហើយការលើកលែង និង បន្ធូរបន្ថយទោសដល់ទណ្ឌិត ធ្វើឡើងតាម សំណើរបស់នាយករដ្ឋមន្ត្រី ទៅព្រះមហាក្សត្រ៕

មតិយោបល់