ភ្នំពេញៈ បុរសជនជាតិកូរ៉េ២នាក់ ហៅរថយន្តតាក់ស៊ីជិះទៅខាំកូស៊ីធី ខណៈអ្នកបើកបរមិនបើកតាមផ្លូវដែលខ្លួនប្រាប់ បែរជាបើកតាមផ្លូវផ្សេងតែទៅគោលដៅតែមួយ ដែលអាចនិយាយបានថាជាផ្លូវកាត់នោះ ទើបបង្កជាជម្លោះយ៉ាង ដោយជនជាតិកូរ៉េទាំងនោះ បានចុះពីរថយន្តមកបើកទ្វារចុះក្របួចកអាវអ្នកបើកបររថយន្តតាក់ស៊ី រួចព្រួតគ្នាវាយបណ្តាលឲ្យហើមនិងប៉ោងភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍វាយប្រតាយប្រតប់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខប៉េអឹមខណ្ឌដូនពេញ ផ្លូវសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមសម្តីរបស់ជនរងគ្រោះឈ្មោះ វង្ស បូរិន មុខរបរបើកបរតាក់ស៊ីក្រុមហ៊ុនតាក់ស៊ីក្រហម ស្នាក់នៅម្តុំសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនជាតិកូរ៉េដែលជាជនបង្ក ចំនួន២នាក់ ចេញពីណាហ្គា រួចបានហៅតាក់ស៊ីរបស់គាត់ ជិះទៅខាំកូស៊ីធី ខណៈជិះមកដល់មុខប៉េអឹមខណ្ឌដូនពេញ ជនជាតិកូរ៉េទាំង២នាក់បានសួរថា គាត់ថាបើកទៅណា គាត់តបទៅវិញថាទៅខាំកូស៊ីធី ជនជាតិកូរ៉េទាំងនោះថា មិនមែនផ្លូវនឹងទេ គាត់បានតបទៅទៀតថា ទៅតាមផ្លូវនឹងក៏ត្រូវដែរ ក្រោយមកស្រាប់តែជនជាតិកូរ៉េទាំងនេះ បានឲ្យគាត់ឈប់រថយន្ត រួចស្ទុះទៅក្របួចក៏អាវព្រួតវាយមកលើរូបគាត់តែម្នាក់ឯងបណ្តាលឲ្យគាត់ប៉ោងភ្នែក និងមុខខាងស្តាំយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមអ្នកបើកកាត់ស៊ី ក្រុមជនរងគ្រោះមកជួយអន្តរាគមន៍ ចាប់វាយវិញ រួចអូសមកប៉ុស្តិ៍ចតុមុខនៅក្បែរកន្លែងកើតហេតុប្រហែល១០០ម៉ែត្រ ។
ក្រោយពីឃាត់ខ្លួនជនជាតិកូរ៉េទាំង២នាក់ ដល់ប៉ុស្តិ៍សមត្ថកិច្ចរួចមក ជនជាតិកូរ៉េទាំង២នាក់ នៅតែខ្លាំងដាក់កម្លាំងសមត្ថកិច្ច និងក្រុមអ្នកបើកតាក់ស៊ីទាំងនោះដដែល ទើបសមត្ថកិច្ចចាប់វាយខ្នោះ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការតាមនីតិវិធីច្បាប់។ចំណែកជនរងគ្រោះ បានទៅសម្រាកព្យាបាលរបួសសិនរួចចាំមកដាក់ពាក្យបណ្តឹងវិញដើម្បីទាមទារសំណងជាទឹកប្រាក់ពេលក្រោយបន្តទៀត៕
មតិយោបល់