ព័ត៌មានជាតិ

Update៖បុកគ្មានមេត្តា! វីស្តូបុកម៉ូតូ២គ្រឿង ស្លាប់ម្នាក់អូសជាង៥០០ម៉ែត្រនិង២នាក់ទៀតរបួសធ្ងន់ស្រាល

ភ្នំពេញៈ មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាលបន្ទាប់ពីត្រូវរថយន្តវិស្តូមួយគ្រឿង ព្យាយាមបើកវ៉ាជ្រុលលឿនមកបុកម៉ូតូហុងដាឌ្រីមសេ១២៥ ដែលជិះដោយ២នាក់ប្តីប្រពន្ធបណ្តាលឲ្យប្តីដួលចូលក្រោមរថយន្តបន្តនោះ អូសជាង៥០០ម៉ែត្រស្លាប់មួយរំពេចក្នុងថ្លុកឈាម ចំណែករថយន្តមិនព្រមឈប់ ក៏បន្តគេចទៅមុខទៀត ទៅបុកនឹងម៉ូតូស្មាស់មួយគ្រឿង ដែលធ្វើដំណើរនៅខាងមុខ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរម្នាក់ទៀត រីឯអ្នកបើកបរគ្មានចិត្តមេត្តានេះ នៅតែបើករថយន្តរបស់ខ្លួនគេចទៅមុខរហូតទាល់ តែដោយរថយន្តនេះបើកទៅមុខលែងរួច នៅក្រោមស្ពានសម្រាប់អ្នកថ្មើរជើងនៅក្បែរផ្សារជម្ពូវ័ន្ត ទើបឈប់រថយន្តបើកទ្វាររត់បាត់ស្រមោល បន្សល់រថយន្តនៅកន្លែងកើត ធ្វើឲ្យប្រជពលរដ្ឋនិងមហាជនជាច្រើននាក់បានទាញដុំថ្ម គប់និងវាយកម្ទេចរថយន្តបង្កនេះមើលសឹងតែមិនស្គាល់ សំណាងហើយដែលអ្នកបើកបរបង្កនេះគេចខ្លួនបានទាន់ កុំអីមិនដឹងជាយ៉ាងណាទៀតទេ ។

ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៤០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ខាងលិចរង្វង់មូលប្រហែល១០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-1958 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តធន់តូចម៉ាក វីស្តូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-5691 បើកបរដោយបុរសម្នាក់បាន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច ហើយរថយន្តនោះបានព្យាយាមបើកលឿនវ៉ានឹងរថយន្តមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ក៏ធ្វើឲ្យរថយន្តបង្កជ្រុលចង្កូតមកបុកម៉ូតូហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1DC-1958 ដែលកំពុងជិះដោយបុរស២នាក់នោះ បណ្តាលឲ្យខាងម៉ូតូ ខ្ទាតបុរសជាប្តី ចូលក្រោមរថយន្តវីស្តូ ហើយចំណែកឯប្រពន្ធដែលអង្គុយពីក្រោយខ្ទាតចេញរងរបួសស្រាល។

សាក្សីបន្ថែមថាឲ្យដឹងទៀតថា ក្រោយរថយន្តបង្កបើកបុកម៉ូតូខ្ទាតមនុស្សចូលក្រោមរថយន្តហើយនោះ អ្នកបើកបររថយន្តនេះមិនព្រមឈប់នៅកន្លែងកើតឡើយ ដោយគេព្យាយាមបើកទៅមុខអូសជនរងគ្រោះក្រោមរថយន្តនោះគួរឲ្យរន្ធត់ប្រហែលជា៥០០ម៉ែត្រ រហូតបុរសរងគ្រោះដែលនៅក្រោមរថយន្តនោះ ខ្ទាតចេញមកកណ្តាលផ្លូវបាក់ដៃបាក់ជើង និងធ្លោយខួរស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាសូរបំផុត រីឯរថយន្តបង្កនេះនៅតែបន្តល្បឿនបើកគេចខ្លួនទៅមុខទៀត ក៏ជ្រុលបុកពីក្រោយ ម៉ូតូស្មាស់ ពណ៌ខ្មៅមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ស្របទិសគ្នានោះ បណ្តាលឲ្យបុរសម្នាក់ទៀតត្រូវរងរបួសធ្ងន់ធ្ងរ។

ទោះជាយ៉ាងណាអ្នកបើកបររថយន្តដែលគ្មានក្តីមេត្តានេះ នៅតែបើករថយន្តរបស់ខ្លួនគេចទៅមុខរហូតទាន់តែរថយន្តនេះបើកទៅមុខលែងរួច ទើបព្រមឈប់ ហើយ បើកទ្វារចុះពីលើរថយន្ត គេចខ្លួនទៅបាត់ ដោយបន្សល់រថយន្តនៅនឹងកន្លែងកើតហេតុ ធ្វើឲ្យប្រជពលរដ្ឋនិងមហាជនជាច្រើននាក់ ដែលជិះដេញតាមពីក្រោយ ខឹងចិត្តយ៉ាងខ្លាំង ដោយអ្នកខ្លះទាញដុំថ្មគប់ និងអ្នកខ្លះទៀត វាយកម្ទេចរថយន្តបង្កនេះចោលតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុ រថយន្តសាមុយបានដឹកអ្នករងរបួសធ្ងន់ ទៅមន្ទីរពេទ្យ។ ចំណែកឯរថយន្តបង្ករួមទាំងម៉ូតូ២គ្រឿងរបស់ជនរងគ្រោះ ត្រូវយករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់។ ចំណែកសពបុរសរងគ្រោះដែលស្លាប់គួរឲ្យអាសូរនោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

មតិយោបល់