ព្រះសីហនុៈ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនប្រុសស្រីចំនួន ៣នាក់ ដោយករណីទី១ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០ នាទី បានឃាត់ខ្លួនជនជាតិចិនចំនួន២ នាក់ នៅពេលកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ ត្រង់ចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ទី១-ឈ្មោះ YANG REN CHEN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារខ្សាច់ស ជាអ្នកបើកបរ (ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន) និងទី២-ឈ្មោះ JIANG LIU YAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ជាអ្នករួមដំណើរ កាន់លិខិតឆ្លងដែនលេខ G61047083។
វត្ថុតាងដកហូតបាន មានម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន ៤៣កញ្ចប់ ( ១កញ្ចប់ធំ និង៤២កញ្ចប់តូច ) បំពង់សារ៉ាងមានពណ៌ក្រហមចំនួន ១៤ ទូរស័ព្ទចំនួន១ គ្រឿង និងរថយន្ត ១គ្រឿង ម៉ាក LEXUS 330។
ករណីទី២ ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងជាង៣រសៀល ឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ CUI YAN FEI ភេទប្រុស អាយុ ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB 5537894 មុខរបរអាជីវករ ត្រូវបានឃាត់ខ្លួន នៅពេលជនសង្ស័យ បានទៅយករថយន្តនៅក្លឹបខារ៉ាអូខេ ស៊ីងតុហ្វាង (ទីតាំងដែលបានបង្ក្រាបករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ) ស្ថិតនៅសង្កាត់៣ ក្រុងព្រះសីហនុ ដោយឆែកក្នុងរថយន្តនោះរកឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៤ កញ្ចប់តូច កាហ្វេចំនួន ០២ កញ្ចប់ដែលសង្ស័យជាសារធាតុញៀន ជញ្ជីងថ្លឹងចំនួន១ ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន ៕



មតិយោបល់