ព័ត៌មានជាតិ

ទ្រព្យសម្បត្តិ និងកាណូតជាច្រើនគ្រឿង ត្រូវភ្លើងឆេះព្រៃរាលឆេះគ្មានសល់

បាត់ដំបងៈ ទូក និងកាណូតជាច្រើនគ្រឿង ដែលជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ដៃបឹងទន្លេសាប ត្រូវបានអគ្គិភ័យដែលកំពុងឆាបឆេះព្រៃ ឆាបឆេះគ្មានសល់ ក្នុងនោះក៏បានបំផ្លាញនូវលុយកាក់ និងទ្រព្យសម្បត្តិជាច្រើនថែមទៀតផង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅចំនុចព្រែកត្រសក់ ស្ថិតក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងដោយបានចាប់ផ្តើមឆេះពីសំណាក់ទូកលក់ចាប់ហ៊ួយមួយ រួចក៏បានរាលដាលឆេះទៅលើទូក និងកាណូតដទៃទៀតជាច្រើនគ្រឿងដែលកំពុងសំចតដោយមិនបានដឹងខ្លួន ព្រមទាំងបានបំផ្លាញនូវទ្រព្យសម្បត្តិ លុយកាក់ជាច្រើនផង។

លោក សក់ វុទ្ទី អាយុ៥០ឆ្នាំ មានមុខរបរ លក់ចាប់ហ៊ួយ រស់នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងបាននិយាយថា ដំបូងលោកមិនបានដឹងទេ ដោយសារតែមានភ្លើងកំពុងតែឆាបឆេះព្រៃនៅក្បែតំបន់នោះ ដែលបញ្ហានេះទំនងជា មានផ្កាភ្លើងដែលហោះប៉ើងមកតាមខ្យល់ ក៏បានឆាបឆេះទូករបស់លោកតែម្តង ព្រម
ទាំងបានរាលដាលទៅលើទូក និងកាណូងអស់ជាច្រើនគ្រឿងបន្តទៀត ដោយមិនមានវិធានការពន្លត់បានឡើយ ព្រោះទូក កាណូតខ្លះម្ចាស់មិនបាននៅក្បែនោះឡើយ។

ក្រោយពេលសមត្ថកិច្ចចុះទៅធ្វើការត្រួតពិនិត្យ គឺសង្គេតឃើញថា អគ្គីភ័យបានបំផ្លាញទៅលើទូកសម្រាប់ស្នាក់នៅចំនួន៩គ្រឿង និងឆេះកាណូតស្មាច់ អស់ចំនួន២០គ្រឿង ព្រមទាំងបានបំផ្លាញនូវលុយកាក់ជាច្រើន ក្នុងនោះ គឺលុយខ្មែរចំនួន៤០លានរៀល ប្រាក់ដុល្លារចំនួន២៣០០ដុល្លារ មាសគ្រឿង៣តម្លឹង និងផ្លាទីនគ្រឿង ទម្ងន់៥ជី។

បច្ចុប្បន្នគេសង្គេតឃើញថា ភ្លើងឆេះព្រៃសឹងតែរាល់ថ្ងៃ ដោយសារតែក្រុមដើររកឃ្មុំ ដូច្នេះគួរតែខាងជំនាញមេត្តាត្រួតពិនិត្យឡើងវិញ ចំណែកប្រជាពលរដ្ឋក៏ត្រូវបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរអំពីបញ្ហាភ្លើងឆេះព្រៃនេះ៕

photo_2016-05-15_12-07-16 photo_2016-05-15_12-07-18 photo_2016-05-15_12-07-17 photo_2016-05-15_12-07-18 (2)

មតិយោបល់