ភ្នំពេញៈ នារីរកស៊ីផ្លូវភេទម្នាក់បានលើកទូរស័ព្ទតេចូលទៅវិទ្យុ ABCប្រាប់ថា មានក្រុមក្មេងស្ទាវចំនួន២នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃចំនួន២ដើមមកគំរាមរករឿងកាប់សម្លាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៍ បង្កការភ្ញាក់ផ្អើលនេះបានកើតមានឡើងកាលពីវេលាម៉ោង១០និង៣៥ នាទីថ្ងៃ ទី១៥ឧសភា២០១៦ នៅចំណុចមុខសណ្ឋាគារ សាន់វ៉េ ក្បែររង្វង់មូលវត្តភ្នំពេញ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា ជំហ៊ានដំបូងមានបុរសចំនួន២នាក់បានតេទូរស័ព្ទមករកនារីរកស៊ីផ្លូវភេទម្នាក់ដែលឈរចាំរកម៉ូយនៅក្រោមដើមពោធិ មុខសណ្ឋាគារ សាន់វ៉េ តែដោយនាងមិនព្រមលើក ហើយបន្ទាប់មកស្រាប់ បុរសខាងលើនាំគ្នា៣នាក់ជិះម៉ូតូចំនួន២គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃមកឈប់ពីមុខនារីរងគ្រោះគំរាមរកវាយ ព្រោះតែខឹងមិនព្រមលើកទូរស័ព្ឌរបស់ខ្លួនពេលខលចូល។
បន្ទាប់ពីធ្វើការគំរាមរួចមក ក្រុមក្មេងទំនើងទាំងនោះបាននាំគ្នាជិះម៉ូតូចេញទៅបាត់ ហើយបន្ទាប់មកត្រូវបាននារីរងគ្រោះតេចូលទៅវិទ្យុ ABC ថាមានគេរកប្លន់ទូរស័ព្ទនិងលុយ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងលោកអភិបាលខណ្ឌចេញមកអន្តរាគមន៍ភ្លាមៗផងដែរ។
តាមស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់បានប្រាប់សមត្ថកិច្ចថា នៅប្លុករង្វង់មូលវត្តភ្នំ តែងមានកើតករណីឆក់ ប្លន់ កាប់ចាក់គ្នាយកម៉ូតូ ទូរស័ព្ទ កាបូបលុយពីអ្នកមកលេងនៅវត្តភ្នំក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទៅមកផងដែរ។
ក្នុងហេតុការណ៍ខាងលើលោក គួច ចំរើន អភិបាលខណ្ឌដូនពេញក៏បានចេញបញ្ជារឲ្យប៉ុស្តិ៍នគរបាលវត្តភ្នំដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំនុចរញេរញៃខាងលើនេះ ហើយនិងត្រួតពិនិត្យទៅលើម៉ូតូដែលគ្មានស្លាកលេខនិងរម៉កកង់៣ដែលមានការសង្ស័យ។
ភ្លាមៗនេះ នគរបាលប៉ុស្តិ៍វត្តភ្នំសហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញឃាត់ខ្លួនជនសង្សយ័២នាក់ បញ្ជូនទៅសាកសួរនៅប៉ុស្តិនគរបាលវត្តភ្នំ៕
មតិយោបល់