ព័ត៌មានជាតិ

ហាយឡែនឌ័រព្រលះរថយន្ត២តោនកន្លះពេញទំហឹង ស្លាប់និងរបួស៣នាក់

បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅរវាងរថយន្តហាយឡែនឌ័របានបុកជាមួយរថយន្ត២តោនកន្លះពេញទំហឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស៣នាក់កាលពីម៉ោង៧និង១០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ258D ស្ថិតនៅក្នុងភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-0537 ធ្វើដំណើរពីទៅត្បូងជើងអ្នកបើកស្រវឹងស្រា បានរ៉េចង្កូតទៅបុករថយន្តម៉ាកFrontier ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-0896 ធ្វើដំណើរពីជើងទៅត្បូងដឹកដើមកាស្យា ពេញទំហឹង បណ្ដាលឲ្យមនុស្សដែលជិះរថយន្តហាយឡែនឌ័រស្លាប់ម្នាក់អ្នកបើក និងរបួសធ្ងន់២នាក់។

លោកបានឲ្យដឹងទៀតថា អ្នកស្លាប់ឈ្មោះ ឆឹង សុខា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នករងរបួសធ្ងន់ចំនួន២នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី។ រីឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕

photo_2016-08-16_10-44-50photo_2016-08-16_10-44-52photo_2016-08-16_10-44-54photo_2016-08-16_10-44-57

មតិយោបល់