ព័ត៌មានជាតិ

ឃាត់ស្ត្រី២នាក់ទាំងដៃបីកូនខ្ចី ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

កំពង់ស្ពឺ: ជនសង្ស័យចំនួន២នាក់ ក្នុងនោះមានស្ត្រីកូនខ្ចីម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ធ្វើការចាប់ខ្លួនទាំងដៃបីកូន ពីបទ រក្សាទុក ចែកចាយ គ្រឿងញៀនខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង២៥នាទី ល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

អាវុធហត្ថបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន ចុះឆែកឆេរផ្ទះជនសង្ស័យ ចែកចាយគ្រឿងញៀន២កន្លែង ឃាត់ខ្លួនបានមនុស្សចំនួន២នាក់ និងវត្ថុតាងជាមួយចំនួនផងដែរ។

ជនសង្ស័យដែលឃាត់បានខាងលើនេះ ទី១ឈ្មោះ ប៉េង ស្រីយាន ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំបិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២ឈ្មោះ ទៀង សុភា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ។

ក្នុងនោះដែរ កម្លាំងធ្វើការដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន៤ កញ្ចប់តូច, ជញ្ជើងថ្លឹងថ្នាំញៀន១ គ្រឿង ,ស្លាកលេខម៉ូតូ១ ,ដាវ១ ដើម, កាំបិត១, កន្រ្តៃ១, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ, លុយដុល្លារចំនួន៤០ដុល្លារ និងលុយខ្មែរចំនួន៦៥,០០០រៀល ។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានអាវុធហត្ថ ធ្វើការសាកសួរ និងកសាងសំណុំរឿងនិងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់