ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នេះ នៅអធិការដ្ឋានខណ្ឌច្បារអំពៅ បានធ្វើការបង្ហាញក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ ធ្វើការស្រាវជ្រាវនិងឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានថ្នាំញៀនចំនួន ១២កញ្ចប់ផងដែរនោះ។
លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលឃាត់ខ្លួនបានមានទី១-ឈ្មោះ ង្វៀង យ៉ាំងវ៉េវ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាកម្មករសំណង់ មានទីលំនៅក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង ៤ និង ៥០នាទីល្ងាច ថ្ងៃទី ១៣ ខែឧសឧភា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ច្រកចូលវត្តចំប៉ា ក្នុងភូមិជ្រោយអំពិល១ ដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមព៌ណសថ្លាចំនួន ១កញ្ចប់តូច ។ទី២-ឈ្មោះ រ៉ូ ភារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវឃាត់ខ្លួនបានកាលពីវេលាម៉ោង១០ និង ០០នាទីព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នា២០១៦ នៅក្នុងដីឡូត៍គ្មានលេខមួយកន្លែង ផ្លូវលំ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមព៌ណសថ្លាចំនួន ១១កញ្ចប់។
ក្រោយប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាក់ស្តែងរបស់កម្លាំងនគរបាលខណ្ឌច្បារអំពៅនេះដែរ បានធ្វើការឃាត់ខ្លួនបានបុរសជាជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងពីរនាក់ជាបន្តបន្ទាប់ រួមទាំងវត្ថុតាថ្នាំញៀនទាំង ១២កញ្ចប់ នាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕




មតិយោបល់