ព័ត៌មានជាតិ

កម្ពុជាផ្តើមបើកយុទ្ធនាការ នៅតាមតំបន់គោលដៅទេសចរណ៍ ដើម្បីអនាម័យ និងបរិស្ថាន

ភ្នំពេញ: ស្របពេលកម្ពុជាត្រូវបានប្រទេសជាសមាជិកាស៊ាន បានចាត់ទុកជាប្រទេសឈានមុខគេលើការអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន និងជាកូនខ្លាអាស៊ីដែលមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់នោះ ប្រមុខរាជរដ្ឋាភិបាលបាននិងកំពុងជម្រុញឱ្យមន្រ្តីជំនាញ និងមន្រ្តីថ្នាក់មូលដ្ឋាន ដោយសហការជាមួយសង្គមស៊ីវិល វិស័យឯកជន គិតគូរពីបញ្ហាអនាម័យ បរិស្ថានដោយមានការរៀបចំទុកដាក់និងប្រមូលសំរាម នៅតាមតំបន់គោលដៅទេសចរណ៍នានាឱ្យបានល្អ ដើម្បីធានាដល់ការទាក់ទាញទេសចរណ៍ជាតិ-អន្តរជាតិ។

នៅដើមរដូវវស្សានេះគេសង្កេតឃើញមន្រ្តីសាលាខេត្ត មន្ទីរបរិស្ថានៃខេត្តសៀមរាប បាននឹងកំពុងផ្តើមនាំគ្នាបើកយុទ្ធនាការប្រមូលសំរាមនិងថង់ប្លាស្ទីក នៅតាមបណ្តារតំបន់គោលដៅទេសចរណ៍ តាមដងផ្លូវនិងទីប្រជុំជន ដោយសហការជាមួយក្រុមហ៊ុន ម្ចាស់ភោជនីយដ្ឋានក្រុមហ៊ុនផលិតថង់ធ្វើពីម្សៅដំឡូងមី ម្ចាស់ហាងនុំ និងមិត្តបណ្តាញហ្វេសប៊ុក(Facebook friends network) រៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថានក្នុងក្រុងសៀមរាប។

ចំណែកនៅខេត្តព្រះសីហនុ លោក យន្ត មីន អភិបាលនៃគណ:អភិបាលខេត្ត បានអំពាវនាវភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមទាំងអាជីវករទាំងអស់ត្រូវវេចខ្ចប់សំរាមឲ្យបានល្អ កុំចោលពាសវាលពាសកាល ដែលនាំឲ្យខូចបរិស្ថាន និងខូចសោភ័ណ្ឌភាពឆ្នេរ ។

លោក យន្ត មីន បានឱ្យដឹងតាមបណ្តាញសង្គមផ្ទាល់នៅថ្ងៃនេះថា “នៅតាមតំបន់ឆ្នេរមួយចំនួន ឃើញមានគំនរសំរាមចោលយ៉ាងអនាធិបតេយ្យរយ:ពេល២ទៅ៣ថ្ងៃ ហើយវាបានបង្កឡើងដោយប្រជាពលរដ្ឋ និងអ្នកទេសចរមួយចំនួនតូចបរិភោគចំណីអាហារហើយ មិនបានវេចខ្ចប់ទុកដាក់ត្រឹមត្រូវ ដោយខ្លះបានបោះចោលលើឆ្នេរខ្សាច់ និងខ្លះទៀតបោះចោលក្នុងទឹកសមុទ្រក្បែរឆ្នេរក៏មាន” ។

លោកអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តមានក្រុមការងារបរិស្ថានសម្រាប់សំអាតប្រចាំថ្ងៃ និងរាល់ពេលមានបុណ្យទានម្តងៗ ប៉ុន្តែនិងមិនជោគជ័យល្អទេ ប្រសិនបើមិនមានការចូលរួមពីមហាជនទូទៅ។

យ៉ាងណាបញ្ហាអនាម័យ និងបរិស្ថាន មិនមែនអនុវត្តតែលើខេត្តគោលដៅទេសចរណ៍នោះទេ ពោលគឺត្រូវធ្វើគ្រប់ខេត្ត រាជធានី ក្រុង ទីប្រជុំជន និងតាមមូលដ្ឋានរស់នៅ ទាំងអស់គ្នាត្រូវតែអនុវត្តដោយផ្តើមចេញពីយើងផ្ទាល់ និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីអនាម័យ និងបរិស្ថានប្រទេសកម្ពុជាយើង៕

សៀមរាប៤ សៀមរាប ព្រះសីហនុ៣ ព្រះសីហនុ២

មតិយោបល់