ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគាស់បង្អួចប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសម្ថកិច្ចប៉ុស្តិ៍នគរបាលឫស្សីកែវ បានធ្វើការឃាត់ខ្លួន ក្រោយពីរូបគេបានគាស់បង្អួចប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះឈ្មោះ តាំង ធី ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅកន្លែងកើតហេតុ។ ចំណែកឯជនសង្ស័យមានឈ្មោះ តាំង សំបូរ ហៅ បូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ។

ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅបន្ទប់ជួលរបស់គាត់ មានករណីគាស់បង្អួចចំនួន ០២លើកមកហើយ ដោយលើកទី១ កាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១២និង៤៥នាទី មានចោរលួចគាស់បង្អួចដដែរ ហើយបានលួចយកកាបូបស្ពៀយមួយដែលនៅក្នុងនោះមានទូរស័ព្ទដៃ០១គ្រឿង ប្រាក់រៀលចំនួន ១២ម៉ឺនរៀល និងប្រាក់ដុល្លារ ៩១ដុល្លារ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។

ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឫស្សីកែវ ហើយសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ រួចក៏បានកំណត់នូវអត្តសញ្ញាណជនសង្ស័យ ទើបឈានទៅដល់ការឃាត់ខ្លួន និងបាននាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលឫស្សីកែវ។

ក្រោយពីសាកសួរជនសង្ស័យរួចមក រូបគេបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់បង្អួចចំនួន០២លើកពិតប្រាកដមែន ហើយប្រាក់ដែលខ្លួនលួចបាននោះ គឺយកទៅស៊ីចាយ ហើយនិងជក់ថ្នាំញៀន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលឫស្សីកែវ បញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

photo_2016-05-15_14-49-17 photo_2016-05-15_14-49-21 photo_2016-05-15_14-49-19

មតិយោបល់