ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណជាជាង១ពាន់នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្រស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ។ កម្មវិធី សេវាសុខាភិបាលភូមិខ្ញុំ បានរៀបចំឡើងរយៈពេលពេញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងបរិវេណសាលាបឋមសិក្សា ទួលសង្កែ ដោយមានការចូលរួមដោយក្រុមគ្រូពេទ្យស័្មគ្រចិត្តជាច្រើនរូប និងមានការសម្របសម្រួលដោយក្រុមយុវជនមកពីកម្មវិធី កសាងអង្គការមហាជន នៃសហភាពសហព័ន្ធរាជធានីភ្នំពេញផងដែរ។
លោក ហ៊ឺ ប៊ុនហៃ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ បានមានប្រសាសន៍ សេវាសុខាភិបាលភូមិខ្ញុំ ជាសកម្មភាពមនុស្សធម៌មួយរបស់សហភាពសហព័ន្ធកម្ពុជារាជធានីភ្នំពេញ ដែលផ្តល់ការពិនិត្យជំងឺទូទៅមនុស្សចាស់ និងកុមារ ជំងឺត្រចៀក បំពង់ក ភ្នែក វះកាត់តូច រោគស្ត្រី មាត់ធ្មេញ ចែកវែនតាដល់អ្នកជំងឺភ្នែក ចែកឱសថព្យាបាលជំងឺដោយឥតគិតថ្លៃ និងមានចែករទេះរុញសម្រាប់លោកយាយលោកតាដែលជាជនពិការមួយចំនួនផងដែរ។
លោកបានបន្តថា សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងជាច្រើនលើករួចមកហើយ ហើយនឹងបន្តធ្វើទៀត ក្នុងគោលដៅលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
លោកក៏បានសំណូមពរឱ្យពលរដ្ឋទៅពិនិត្យសុខភាពឱ្យបានជាប្រចាំដើម្បីចៀសផុតពីជំងឺដែលអាចបណ្តាលឱ្យបងប្អូនខាតពេលវេលា និងប្រាក់កាសដែលខិតខំសន្សុំទុក៕












មតិយោបល់