ព័ត៌មានជាតិ

ពិធីករមុខចាស់ សម្លេងក្មេង នឹងត្រូវបង្ហាញវត្តមាន ជាសាធារណៈ

ភ្នំពេញ: កម្មវិធីទូរទស្សន៍ថ្មីរបស់ PNN ដែលជាការច្របាច់បញ្ចូលគ្នារវាង អគ្គនាយកនិងជាពិធីករវិទ្យុក្នុងស្រុកដ៏ល្បី ABC គឺ អាចារ្យ អេ និងលោក សោម ឆាយា ក្នុងកម្មវិធីថ្មីមិនធ្លាប់មានពីមុននៅកម្ពុជា នឹងចាប់ផ្តើមផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ។

“មតិផ្ទុយ” ជាកម្មវិធីថ្មីសន្លាងមួយដែលនឹងចាប់ផ្តើមបង្ហាញវត្តមានរបស់ខ្លួនក្នុងរយៈពេល៣ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃចន្ទ ទី១៦ ឧសភា នេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ទស្សនិកជន និងប្រិយមិត្តអ្នកស្តាប់ក្នុងវិស័យព័ត៌មាន ដោយមានការផ្សាយផ្ទាល់រយៈពេល ២ម៉ោងពេញ ចាប់ពីម៉ោង៧ ដល់ម៉ោង៩ព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

នេះជាលើកទីមួយ ដែលលោកគ្រូ អាចារ្យ អេ អគ្គនាយកស្ថានីយ៍វិទ្យុ ABC បានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ជាមួយនឹង ពិធីករព័ត៌មានពោរពេញដោយបទពិសោធន៍របស់ PNN គឺលោក សោម ឆាយា។ ក្រៅពីផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន កម្មវិធីនេះក៏នឹងផ្សាយបន្តផ្ទាល់តាមរយៈវិទ្យុ ABC ដោយមានក្រុមការងារតំណាងវិទ្យុ ABC និងពិធីការិនីរបស់ PNN រួមគ្នាទទួលការហៅទូរសព្ទចូលរួមពីប្រិយមិត្ត ដើម្បីដោះស្រាយបញ្ហាផ្សេងៗកំពុងកើតមានក្នុងសង្គមផងដែរ។

អាចារ្យ អេ ជាពិធីករមួយរូប មានការគាំទ្រខ្លាំងតាមរយៈ កម្មវិធីប្រត្តិកម្មបន្ទាន់ (២៤ម៉ោង) របស់វិទ្យុ ABC និងកម្មវិធីមនុស្សធម៍ កម្មវិធីដាំដេីមកោងកាងជាច្រេីន ព្រមទាំងជួយក្មេងដែលឪពុកម្ដាយបោះបង់ចោលជាច្រេីនទៀត និងរថយន្តសង្គ្រោះបន្ទាន់សំរាប់សាច់ញាតិជនរងគ្រោះក្រីក្រ និងកម្មវធីសប្បុរសធម៍ជួយមន្ទីរពេទ្យគន្ធបុប្ផា និងកម្មវិធីជួយដល់សង្គមជាច្រេីនផងដែរ ខណៈនេះវត្តមានរបស់លោកក្នុងកម្មវិធីទូរទស្សន៍ PNN “មតិផ្ទុយ” កាន់តែច្រើនកុះករថែមទៀត។

អគ្គនាយករងស្ថានីយទូរទស្សន៍ PNN លោក សោម ឆាយា ប្រាប់ឲ្យដឹងថា “មកទល់ពេលនេះមានប្រិយមិត្តជាច្រើន បានដឹងឮពីកម្មវិធីថ្មីដែលមានវិទ្យុ ABC សហការជាមួយស្ថានីយទូរទស្សន៍ ភីអិនអិន រួចមកហើយ។ ហើយពួកគេថែមទាំងបានបញ្ចេញមតិជាវិជ្ជមាន បង្ហាញការគាំទ្រយ៉ាងខ្លាំងផងដែរ”។

ជារៀងរាល់ថ្ងៃ មានប្រិយមិត្តអ្នកស្តាប់ជាច្រើន តែងហៅទូរសព្ទចូលកម្មវិធីរបស់វិទ្យុ ABC ដោយភាគច្រើននៃពួកគេ សង្ឃឹមនឹងអាចធ្វើដូចគ្នានេះក្នុងកម្មវិធីទូរទស្សន៍។ ទស្សនិកជន ក៏ដូចជាប្រិយមិត្តអ្នកស្តាប់ ដែលចង់ហៅទូរសព្ទបញ្ចេញមតិយោបល់ផ្សេងៗក្នុងកម្មវិធីថ្មីនេះ អាចហៅចូលតាមរយៈលេខទូរសព្ទ 070 23 10 10 / 012 23 10 10 ជាទីមេត្រី។

កម្មវិធីថ្មីនេះ អាចារ្យ អេ ក៏បង្ហាញក្តីសង្ឃឹមខ្លាំងទៅលើប្រិយមិត្តអ្នកស្តាប់វិទ្យុ ABC របស់លោក នឹងងាកមកចាប់អារម្មណ៍កម្មវិធីនេះជាមិនខាន។ លោកបន្តថា ក្រុមការងារកំពុងទន្ទឹងរង់ចាំការហៅទូរសព្ទមកកាន់កម្មវិធីថ្មីនេះពីសំណាក់ទស្សនិកជន និងប្រិយមិត្តអ្នកស្តាប់ នៅសប្តាហ៍ក្រោយនេះ។

ប្រធានបទស្នូលនៃកម្មវិធី ត្រូវរំពឹងថានឹងផ្តោតសំខាន់លើបញ្ហាមួយចំនួនក្នុងសង្គម រាប់បញ្ចូលទាំង នយោបាយ និងសេដ្ឋកិច្ចជាដើម។ ជាមួយនឹងទស្សនៈផ្ទុយគ្នារវាងលោក សោម ឆាយា និងអាចារ្យ អេ ត្រូវគេជឿថា នឹងកាន់តែធ្វើឲ្យកម្មវិធីនេះ ពោរពេញដោយការពិភាក្សាវែកញែកយ៉ាងរស់រវើកជាមិនខាន។

PNN ចាប់ផ្តើមផ្សាយជាផ្លូវការចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥ មក ខណៈមកទល់នឹងពេលនេះ ភីអិនអិន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទូរទស្សនិកជន។ ដោយឡែក វិទ្យុ ABC ផ្សាយតាមរលកធាតុអាកាស ១០៧.៥ Mhz ចាប់ផ្ដើមផ្សាយតាំងពីឆ្នាំ ២០០៧ដោយមកទល់ពេលនេះទទួលបានការគាំទ្រពីប្រិយមិត្តអ្នកស្តាប់ជាច្រើនលាននាក់ទូទាំងប្រទេស៕

13166111_1114057688637903_3002730615486170088_n 13239019_1114057695304569_8858833300396941436_n

មតិយោបល់