ព័ត៌មានជាតិ

មន្ត្រីអគ្គិសនីកម្ពុជាម្នាក់ បើករថយន្តជ្រុលល្បឿនក្រឡាប់ចូលស្រែ របួសធ្ងន់ស្រាល៤នាក់

ពោធិ៍សាត់ៈ រថយន្តម៊ីស៊ូប៊ីស៊ីមួយគ្រឿង បានបោះពួយយ៉ាងលឿន ជ្រុលល្បឿនធ្លាក់ផ្លូវជាតិ ក្រឡាប់ចូលស្រែ បណ្ដាលឲ្យអ្នកជិះរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ កាលពីវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចអូរដោម ចន្លោះគីឡូម៉ែត្រ២១៤-២១៥ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី សារុន ចន្ធី បានប្រាប់ Post News នៅល្ងាចថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យប្រពន្ធអ្នកបើកបរឈ្មោះ លាង ចន្ទផល្លា រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញភ្លាមៗ។ ចំណែកប្ដី ដែលជាអ្នកបើកបររថយន្តឈ្មោះ លាង ប៊ុនបញ្ញាវុធ ជាមន្ត្រីអគ្គិសនីកម្ពុជា រាជធានីភ្នំពេញ និងកូនប្រុសតូច២នាក់ រងរបួសស្រាល បែកមាត់បន្តិចបន្តួច។

លោកស្នងការបន្តថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក មីស៊ូប៊ីស៊ី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ១៣ ២-០៨៣៣ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត បានបោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែធ្លាក់ផ្លូវជាតិ ក្រឡាប់ចូលទៅក្នុងស្រែតែម្ដង។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានជួលរថយន្តមកស្ទួយយករថយន្តពីកន្លែងកើតហេតុ ដឹកទៅរាជធានីភ្នំពេញវិញ មិនចាំបាច់ឲ្យសមត្ថកិច្ចឈឹក្បាលឡើយ៕

photo_2016-05-15_20-14-29 photo_2016-05-15_20-14-31 photo_2016-05-15_20-14-33 photo_2016-05-15_20-14-34

មតិយោបល់