ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង នៅចំខាងក្រោយប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាប កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចតំបន់មិនរៀបរយជួរមាត់ទន្លេ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងបើកលេងហ្គេមបាញ់ត្រីខុសច្បាប់នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ ដកហូតទូរហ្គេមបាញ់ត្រីចំនួន១ សៀវភៅកត់ពង់ចំនួន១ក្បាល និងកៅអីចំនួន៥។
សមត្ថកិច្ចថា ជនសង្ស័យទាំង៣ មាន ទី១ឈ្មោះ សុខ ច័ន្ទណារ័ត្ន ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាអ្នកដាក់ពង់ត្រី ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ឈ្មោះ ឯក មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី៣ឈ្មោះ លឹម ហុងហ្វី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមន្ត្រីសណ្តាប់ធ្នាប់ខណ្ឌដូនពេញ និងជាកូនអ្នកមានតួនាទីម្នាក់ ក្នុងសាលាខណ្ឌ ស្នាក់នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕
មតិយោបល់