ព័ត៌មានជាតិ

ផឹកស៊ីស្រវឹង! ឃើញគេស្រីមើលងាយគេ​ មានអីប្រាវ ផ្អើលសមត្ថកិច្ច!

ភ្នំពេញៈ បុរសម្នាក់និងនារីម្នាក់ក្នុងចំណោមមិត្តភក្តិប្រុសស្រី៨នាក់ បានអង្គុយផឹកស៊ីជុំគ្នារហូតដល់ស្រវឹងរៀងខ្លួនក៏បានទាក់សម្តីគ្នា ឈានទៅដល់ការវាយតប់គ្នារវាងបុរសនឹងនារី២នាក់ខាងលើបង្កឲ្យមានរបួសស្នាមផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចតូបលក់ទឹកត្នោតជូមួយកន្លែង ក្បែរវត្តសំរោងអណ្តែត ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការបកស្រាយពីនារីដែលជាជនរងគ្រោះបានឱ្យដឹងថា កាលពីវេលាម៉ោង២រសៀលថ្ងៃកើតហេតុ គាត់រួមទាំងមិត្តភក្តិមានគ្នា៨នាក់ក្នុងនេះមានស្រី៥នាក់ និងប្រុស២នាក់បានទៅអង្គុយផឹកទឹកត្នោតជូរនៅកន្លែងកើតហេតុខាងលើ ។ មួយស្ទុះក្រោយមកបុរសម្នាក់ក្នុងចំណោមមិត្តភក្តិរបស់គាត់បានទូរស័ព្ទហៅបុរសម្នាក់ទៀតដែលជាជនបង្កទាំងដែលពួកគាត់មិនដែលស្គាល់គ្នាពីមុនមកទេ បានមកអង្គុយផឹកក្នុងវង់ជាមួយគ្នាយ៉ាងសប្បាយរីករាយ ។
លុះដល់វេលាកើតហេតុខាងលើ ខណៈដែលស្រវឹងរៀងៗខ្លួនបុរសដែលជាជនបង្កបាននិយាយស្តីលើសលោះមើលងាយដាក់នារីរងគ្រោះរួមទាំងមិត្តភក្តិស្រីប៉ុន្មានអ្នកទៀត ទើបធ្វើឲ្យផ្ទុះការឈ្លោះគ្នាផ្អើលពេញតូបលក់ទឹកត្នោតជូររហូតនារីរងគ្រោះទប់កំហឹងមិនបានក៏យកកែវជ័រដាក់ទឹកត្នោតជូរផឹកនោះគប់ទៅលើបុរសដែលជាជនបង្ក បណ្តាលឱ្យបុរសដែលបង្កខឹងក៏បានយកសោម៉ូតូស្ទុះទៅវាយលើនារីរងគ្រោះបណ្តាលឱ្យរងរបួសស្រាលស្នាមកខាងឆ្វេង។ បន្ទាប់មកនារីរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានហើយសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកធ្វើការអន្តរាគមន៍នាំបុរសដែលជាជនបង្ក និងនារីរងគ្រោះទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាំងតែម្តង។

ក្រោយពេលកើតហេតុនារីគ្រោះមិនបានដាក់ពាក្យបន្តឹងអ្វីនោះទេ គ្រាន់តែចង់ឱ្យជនបង្កសុំទោសមួយមាត់ដើម្បីបញ្ចប់រឿង ហើយបុរសបង្កដឹងពីកំហុសរបស់ខ្លួនក៏បានសុំទោសនារីរងគ្រោះដើម្បីបញ្ចប់រឿងនៅត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាំង៕

មតិយោបល់