កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានឡើងទៅលើដើមត្នោត រួចស្រែកលាអ្នកភូមិ ហើយក៏ធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើដើមត្នោត កម្ពស់ប្រហែល៧ម៉ែត្រ ភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សាកសពជនរងគ្រោះខាងលើមានឈ្មោះ ម៉ុត សៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
បើតាមការសួរបំភ្លឺរបស់ឈ្មោះ ម៉ុត ទូច ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយមីង បានឲ្យដឹងថា នៅវេលាម៉ោង៦និង៤០នាទី យប់ជនរងគ្រោះបាននៅផ្ទះខ្លួន ហើយបានសុំលុយចំនួន ១៥,០០០រៀល ដើម្បីទៅរកគ្រូទាយមើល។ ពេលសុំលុយបានហើយ ក៏ស្រែកថា បងប្អូននៅភូមិត្រពាំងផ្លុង ខ្ញុំសូមលាហើយ។ ពេលនោះគ្មាននណាចាប់អារម្មណ៍ទេ លុះដល់ម៉ោងខាងលើស្រាប់តែឈ្មោះ មាស់ ចាន់ណាក់ ភេទស្រី មុខរបរកសិករ (ជាប្រជាការពារភូមិ) ដើរមកប្រទះឃើញជនរងគ្រោះចងកដោយខ្សែគោ លើដើមត្នោត ក៏រត់ទៅរាយការណ៍ប្រាប់ប្រធានភូមិនិងសាច់ញាតិតែម្តង។
ក្រោយកើតហេតុ ផ្នែកជំនាញនគរបាលបច្ចេកទេសស្រុក បានចុះមកពិនិត្យសព ដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន បច្ចុប្បន្នសាកសពខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
https://youtu.be/WbbFh37OIQ4
មតិយោបល់