ព័ត៌មានជាតិ

Update : ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ ក្រោយស្រាវជ្រាវសមត្ថកិច្ចបញ្ជាក់ថាជាករណីឃាតកម្ម

កណ្តាល: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារPost News ប្រចាំខេត្តកណ្តាល បានឲ្យដឹងថា មានករណីសង្ស័យជាអំពើឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ជាប់ផ្លូវជាតិលេខ២១B ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡុង សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅភូមិឈើទាលភ្លោះ ឃុំព្រៃពួក ស្រុកគីរីវង្ស ខេត្តតាកែវ។ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ក្នុងនោះដកហូតបានវត្ថុតាង ស្បែកជើងស៊កចំនួន១គូ ១ចំហៀង, មួកសុវត្ថិភាពចំនួន២, មួកកាតិប១, ទូរសព្ទដៃចំនួន២គ្រឿង អិនចុចពិល១ណូគា១,កាបូបដៃចំនួន១,កាតគ្រីម៉ូតូ១សន្លឹក, អត្តសញ្ញាណប័ណ្ណ១សន្លឹ(រលប់អក្សរ) និងសម្ភារ:បាត់បង់ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ស៊េរី០១៤ ពណ៌ខ្មៅ មិនចាំស្លាកលេខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញជនសង្ស័យ បានវាយសម្លាប់ជនរងគ្រោះនៅក្នុងទឹកថ្លុកជាប់ផ្លូវជាតិលេខ២១B រួចជិះម៉ូតូចេញទៅបាត់តែម្តង។ បើតាមការបំភ្លឺរបស់ឈ្មោះ ញាន សាផាន ភេទស្រី មានផ្ទះនៅជិតកន្លែងកើតហេតុបានបន្តថា នៅវេលាកើតហេតុខាងលើ គាត់បានឮសម្លេងមនុស្សវាយគ្នានៅមុខផ្ទះរបស់គាត់ ហើយស្រែកអូយៗជួយផងៗ ទើបគាត់ភ្ញាក់ក្រោកមើលតាមចន្លោះទ្វារផ្ទះឃើញមនុស្សប្រុស២នាក់វាយគ្នា មើលតាមចំណាំងភ្លើងឡាន លុះបានប្រហែលជា១០នាទីក៍លែងឮសម្លេងមនុស្សស្រែក ហើយក៍ឃើញមនុស្សម្នាក់ដើរមកយកម៉ូតូជិះចេញទៅបាត់តែម្ដង តែមិនដឹងថាមានមនុស្សស្លាប់ទេ។
ចំពោះករណីនេះ សមត្ថកិច្ចកំពុងពិនិត្យនិងធ្វើការស្រាវជ្រាវរកជនបង្ក ដើម្បីមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសាកសព សមត្ថកិច្ចកំពុងស្វែករកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់