ព័ត៌មានជាតិ

លោះព្រលឹងអស់! បែកថ្នាំកាន់កាំបិតបុង័តោរត់ចូលហាងលក់គ្រឿងសមុទ្ររត់ជាន់គ្នា!

ភ្នំពេញៈ យុវជនម្នាក់ លែងគ្រប់គ្រងម្ចាស់ការលើខ្លួនឯង ដែលអាចនិយាយបានថា បែកថ្នាំញៀន បានកាន់កាំបិតបុង័តោ រត់ចូលហាងលក់គ្រឿងសមុទ្រមួយកន្លែង ធ្វើឲ្យភ្ញៀវកំពុងញុំាអីរត់ជាន់ផ្អើលឆោឡោព្រោះភ័យខ្លាចនឹងយុវជនបែកថ្នាំរូបនោះ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចហាងយីហោ អយស្ទ័រ ហៅស៌ អាហារសមុទ្រស្រស់ តាមបណ្តោយផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការឲ្យដឹងពីសមត្ថកិច្ចខណ្ឌដូនពេញ និងអ្នកធ្វើការនៅហាងខាងលើ បានឲ្យ ដឹងថា មុនពេលកើតហេតុគាត់កំពុងឈរ និងទទួលភ្ញៀវឲ្យញុំាអី ខណៈនោះស្រាប់តែប្រទះឃើញយុវជនម្នាក់ បានរត់ពីចម្ងាយ រួចស្រែកឲ្យពួកគាត់ជួយ ហើយមិនត្រឹមតែប៉ុណ្ណោះ យុវជននោះថែមកាន់កាំបិតបុង័តោនៅនឹងដៃទៀត។ ដោយស្ថានភាពមិនស្រួល ភ្ញៀវដែលកំពុងញុំាអី ក៏ងើបចេញ ហើយយុវជនដែលកាន់កាំបិតតាំងតោជាប់ដៃនោះ នៅតែបន្តរត់ពេញទីនោះ ធ្វើឲ្យភ្ញៀវរត់ចេញតែម្តង ព្រោះតែខ្លាចមានគ្រោះដោយសារយុវជននោះ ភ្លាមៗយុវជនដែលរត់កាន់កាំបិតបុង័តោនៅនឹងដៃនោះ រត់ចូលទៅក្នុងបន្ទប់ទឹកបិតទ្វារសម្ងំម្នាក់ឯង។

ភ្លាមៗក្រោយកើតហេតុប្រហែលជា៥នាទី សមត្ថកិច្ចបានចុះមកដល់ធ្វើការសាកសួរ ទើបដឹងថាយុវជនម្នាក់នោះ បែកថ្នាំហើយសមត្ថកិច្ចបានព្យាយាមនិយាយចរចារជាមួយយុវជនកាន់កាំបិតនោះជាងមួយម៉ោង ដោយលួងផង អង្វរផង។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយមិនចង់ឲ្យយុវជននេះរងគ្រោះ សមត្ថកិច្ចបានប្រើធម៌ត្រជាក់ច្រើន តែទ្រាំលែងបាន សមត្ថកិច្ច២នាក់ បានលោតទៅចាប់យុវជនបែកនោះតែម្តង ហើយចំពោះរឿងរ៉ាវដែលភ្ញាក់ផ្អើលនេះ យុវជនដែលគេអះអាងថា បែកថ្នាំនោះ មិនបានបង្កឲ្យមានមនុស្សរងគ្រោះនោះឡើយ។

ក្រោយពេលកើតហេតុយុវជនដែលបែកថ្នាំនោះត្រូវបានសមត្ថកិច្ចដឹកតាមម៉ូតូឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរនិងធ្វើការអប់រំរួចទំនាក់ទំនងរកក្រុមគ្រួសារឲ្យមកទទួលយកទៅវិញផងដែរ ៕

មតិយោបល់