មានការប្រកាសជាយូរមកហើយថា រឿង«អាមោកលក់ម៉ាំ»ដែលផលិតកម្មមហាហង្សផលិតឡើង ហើយលោកប៉ែន ចំរ៉ុង ជាតួឯក នឹងត្រូវបិទចោលជារៀងរហូត ដោយសុខចិត្តបោះលុយចោល ក៍ព្រោះតែលោក អ៉ិន មិនចង់លើកមុខលើកមាត់ លោក ប៉ែន ចំរ៉ុង ដែលជាគូជម្លោះ។ អ៊ីចឹងហើយទើបម្នាក់ៗមានការចាប់អារម្មណ៍ ក្រោយពីរឿងមួយនេះស្រាប់តែត្រូវលោកអ៉ិន ប្រកាសអោយបញ្ចាំងខុសពីការប្រកាស ក្រោយពីផ្អឹបចោលតាំងពីភិន សុដាលីស និង ប៉ែន ចំរុង នៅជាប្ដីប្រពន្ធនឹងគ្នា។
យោងតាមការប្រកាសរបស់ក្រុមហ៊ុនពូព្រហ្ម ដែលទទួលបានសិទ្ធិចែកចាយភាពយន្តនៅតាមរោងកុន គឺរឿង«អាមោកលក់ម៉ាំ» ដែលទើបត្រូវបានផលិតកម្មមហាងហង្សលក់សិទ្ធិអោយនឹងត្រូវដាក់បញ្ចាំងនៅគ្រប់រោងកុនទំនើប ចាប់ពីថ្ងៃទី ១៨ ឧសភា ២០១៧តទៅ។ លោកអ៉ិន ជាផលិតករ និង អ្នកដឹកនាំរឿងលោកទិត្យ ធារិទ្ធ សុទ្ធតែបានបង្ហាញទំនុកចិត្តថារឿងមួយនេះនឹងជោគជ័យនោះផង បើទោះជាលោកអ៉ិន ធ្លាប់បានព្យាករណ៍ថាភាពយន្តដែលសម្ដែងតួឯក ដោយលោកប៉ែន ចំរ៉ុង នឹងគ្មានមនុស្សទស្សនា ព្រោះតែលោក ប៉ែន ចំរ៉ុង ផ្ទុះរឿងអាស្រូវ។ ខ្សែរឿងនេះត្រូវគេឃើញសម្ដែងដោយតារាៗសុទ្ធតែល្បីៗដូចជា លោកប៉ែន ចំរុង កញ្ញាជី ជី លោកជា សំណាង លោកហម ឈរ៉ា និងលោកសុវណ្ណ គិរី។ អ៊ីចឹងហើយទើបអ្នកណាៗក៏ស្រឡាំងកាំងដែលភាពយន្ដសម្ដែងដោយលោកប៉ែន ចំរ៉ុង តាំងពី លោក និងមហាហង្សនៅធ្វើការជាមួយគ្នា ស្រាប់តែត្រូវលោក អ៉ិន ប្រកាសបញ្ចាំងលើកមុខលើកមាត់ អតីតស្វាមីរបស់កូនស្រីខ្លួន។ រឿងនេះ ក៍ត្រូវគេចាត់ទុកថា នឹងក្លាយជារឿងទី១ ដែលប៉ែន ចំរ៉ុង បានសម្ដែងតួឯក ក្រោយមានរឿងអាស្រូវនោះផងដែរ។
លោកអ៉ិន និយាយថាហេតុផលដែលលោកសម្រេចដាក់បញ្ចាំងរឿងនេះ គឺស្ដាយសាច់រឿង ដោយសារតែរឿង«អាមោកលក់ម៉ាំ» ជារឿងសម្រិតសម្រាំងខ្លាំងមួយ ដែលលោកយល់ថាបើបន្តផ្អឹបចោលគឺគួរអោយស្ដាយ។ លោកថារឿងនេះ ជារឿងសម្ដែងដោយប៉ែន ចំរ៉ុង ប៉ុន្តែលោកបញ្ចាំងផ្លូវការ មិនមានន័យថាលោក និងលោកប៉ែន ចំរ៉ុង បានត្រូវរ៉ូវគ្នានោះឡើយ។ ក្នុងនោះលោកក៏មិនអាចឆ្លើយបានថាតើពិធីសម្ពោធរឿងនេះ នឹងផ្ដល់កិត្តិយសអោយលោកប៉ែន ចំរ៉ុង បង្ហាញមុខក្នុងនាមជាតួឯកឬក៏អត់នោះដែរ៕
មតិយោបល់