ព័ត៌មានជាតិ

ថៅកែក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន ត្រូវបានតុលាការបញ្ជាឲ្យនាំខ្លួន មកសាកសួរបន្ថែម

ភ្នំពេញៈ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារ រាជធានីភ្នំពេញ PJ នាំខ្លួនជនជាប់ចោទឈ្មោះ រស់ សុធីរ័ត្ន ជាអគ្គនាយិការក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន ទៅកាន់សាលាដំបូងក្រុងភ្នំពេញ ដើម្បីសាកសួរបន្ថែមពាក់ព័ន្ធករណី ឆបោកប្រាក់អតិថិជនប្រមាណជា២៧ម៉ឺនដុល្លារ តាមរយៈការលក់សំបុត្រយន្តហោះដំណើរកម្សាន្តខ្យល់។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទត្រូវបានតុលាការបង្គាប់ឲ្យនាំខ្លួនមកសាកសួរបន្ថែមម្តងរួចមកហើយ។

ជនជាប់ចោទឈ្មោះ រស់ សុធីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ជាថៅកែក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន ត្រូវបានលោក សៀង សុខ ជាតំណាងអយ្យការ ចោទប្រកាន់ពីបទរំលោភលើទំនុកចិត្រ តាមរយៈការលក់សំបុត្រដំណើរកម្សាន្តទៅក្រៅប្រទេស ដោយបានឆបោកប្រាក់ពីអតិថិជនប្រមាណជាជិត១០០នាក់ ក្នុងទំហំទឹកប្រាក់ប្រមាណជា២៧ម៉ឺនដុល្លារ យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ មានអតិថិជនប្រមាណជា ២០នាក់ បានលើកគ្នាទៅតវ៉ានៅមុខក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន មានទីតាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា ដោយសារតែសំបុត្រយន្តហោះដែលពួកគាត់បានទិញ មានភាពមិនប្រក្រតីពោលគឺដល់ពេលចេញដំណើរទៅក្រៅប្រទេសគ្មានឈ្មោះត្រូវចេញទៅទេព្រោះគ្មានបានទិញសំបុត្រយន្ត។ ក្រុមអតិថិជនបានចោទថា ថៅកែក្រុមហ៊ុនមួយនេះបានឆបោកលុយពួកគាត់ប្រមាណជា២៧ម៉ឺនដុល្លារ៕

https://youtu.be/lc6T3IUhW4U

មតិយោបល់