បន្ទាប់ពីមានការរិះគន់ថាអ្នកនាងស្វែង សុជាតា បំផុសលក់ថ្នាំខ្មែរមិនមានប្រសិទ្ធិនឹងជំងឺមហារីក និងជំងឺដុំសាច់ តារាស្រីរូបនេះក៏បានបង្ហាញឯកសារពេទ្យដែលបញ្ជាក់ថាអ្នកនាងពិតជាកើតជំងឺមហារីកដុះសាច់ក្នុងខួរក្បាលមុនផឹកថ្នាំខ្មែររបស់ស្វាមី ភ្លាមៗកាលពីថ្ងៃទី៥ មេសា។ អ្នកនាងក៏បានយកអំណះអំណាង២រូប ដែលកើតជំងឺមហារីក ឬដុំសាច់បែបនេះដូចគ្នា ហើយត្រូវបានពួកគេថាក្រោយផឹកថ្នាំខ្មែររបស់នាងគឺពិតជាថតលែងឃើញដុំសាច់នោះផង។
អ្នកនាងស្វែង សុជាតា បានបង្ហាញឯកសារមួយសន្លឹក ដែលមានដាច់រហែកផង បញ្ជាក់ថាអ្នកនាងមានជំងឺដុំសាច់ក្នុងពេលកោរត្រងោលកាលពីអតីតកាល។ អ្នកនាងថាខ្លួនមិនបានកុហកនោះទេ និងថាពេទ្យដែលអះអាងថាអ្នកនាងមិនមានជំងឺមួយនោះ មានបំណងបង្កាច់បង្ខូច និងដើម្បីបណ្ដុះបណ្ដាប់ថ្នាំខ្មែរដែលស្វាមីរបស់អ្នកនាងផ្សំលក់ប៉ុណ្ណោះ។ អ្នកនាងថាបើគ្មានថ្នាំស្វាមីអ្នកនាងប្រហែលជាស្លាប់បាត់ហើយ ដោយសារតែក្នុងពេលនោះ ពេទ្យថៃទារកវះក្នុងតម្លៃ៩ម៉ឺនដុល្លារ ហើយអ្នកនាងមិនមានលទ្ធភាព។ អ្នកនាងថាខ្លួនសម្រេចអោយស្វាមីផ្សំថ្នាំខ្មែរដាក់លក់ គ្រាន់តែក្នុងបំណងអោយស្វាមីដែលជាអតីតអ្នកសច្ចំនៅភ្នំគូលែនបានរួមចំណែកប្រោះសត្វលោកប៉ុណ្ណោះ ដោយសារតែអ្នកនាងដឹងថាមានអ្នកកើតជំងឺដុំសាច់ច្រើននាក់ធ្លាក់ខ្លួនអស់សង្ឃឹមដូចអ្នកនាងកាលពីមុន។ អ្នកនាងថាអ្នកថាអ្នកនាងមិនមានជំងឺដុំសាច់ គឺដើម្បីចោទថាអ្នកនាងកុហករឿងប្រសិទ្ធិភាពថ្នាំ ដែលបានជួយសង្គ្រោះអ្នកនាង។ នៅក្នុងកិច្ចសំណេះសំណាល និងបង្ហាញភស្ដុតាងនោះអ្នកនាងបានយកអ្នកជំងឺ២នាក់ ដែលសុទ្ធតែកើតជំងឺដុំសាច់ ហើយត្រូវបានអ្នកទាំងពីរបញ្ជាក់ថាបន្ទាប់ពីផឹកថ្នាំខ្មែររបស់អ្នកនាងក៏បាត់ដុំសាច់នោះ ក្រោយទៅស្កេនម្ដងទៀត។ អ្នកនាងថាក្រៅពី អ្នកជំងឺទាំង២ ក៏មានអ្នកហូបថ្នាំខ្មែររបស់អ្នកនាងជាប្រចាំជាជំងឺដុំសាច់បែបនេះច្រើននាក់ផ្សេងទៀត ដោយគ្រាន់តែអ្នកជំងឺទាំងនោះរស់នៅឆ្ងាយៗ មិនអាចមកសម្ភាសន៍អោយបាន។ យ៉ាងណាក៏អ្នកនាងថាអ្នកនាងទទួលទានថ្នាំខ្មែររបស់ស្វាមីខ្លួន គឺមិនសុទ្ធតែជាទាំងអស់នោះទេ ដរាបណាបុគ្គលនោះមិនសូវជឿ និងមិនមាននិស្ស័យអោយប្រោសបាន។
អ្នកនាងបន្តបញ្ជាក់ថា សូម្បីតែថ្នាំផ្ដាច់គ្រឿងញៀន ដែលក្រសួងសុខាភិបាលប្រតិកម្ម ក៏មន្ត្រីតំណាងក្រសួងមួយនេះ ទទួលស្គាល់ថាមានសារជាតិជួយបន្សាបគ្រឿងញៀនក្រោយពេលពិនិត្យផងដែរ ដោយគ្រាន់តែអះអាងថាថ្នាំរបស់អ្នកនាងមួយមុខមិនអាចបន្សាបបានទំាំងស្រុងនោះទេ គឺ លុះត្រាថាបន្ថែមថ្នាំមួយចំនួនទៀត។ អ្នកនាងថាថ្នាំរបស់ខ្លួន ពិតជាមានប្រសិទ្ធិ តែបណ្ដាលមកពីអ្នកនាងមិនទាន់បានសុំសិទ្ធិពីក្រសួងត្រឹមត្រូវប៉ុណ្ណោះ ទើបមិនអាចផ្សព្វផ្សាយទូលំទូលាយ។ អ្នកនាងរំពឹងថាការប៉ាន់ស្មានថាអ្នកនាងកុហករឿងអត់ជំងឺដុំសាច់ ដើម្បីបោកថាថ្នាំខ្លួនពិតជាស័ក្តសិទ្ធិនឹងត្រូវបញ្ចប់ បន្ទាប់ពីអ្នកនាងបង្ហាញភស្ដុតាងមួយលើកនេះ៕
មតិយោបល់