ភ្នំពេញៈ បើទោះជាសវនាការជំនុំជម្រះទោស ជនជាប់ចោទដែលរងការចោទថា បានបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ ត្រូវបានតុលាការក្រុងភ្នំពេញ បើកដំណើរការចំនួនជាង៣០លើកក៏ដោយចុះ ក៏នៅក្នុងសវនាការរាល់លើក តុលាការបានត្រឹមតែសាកសួរជនជាប់ចោទ ជាអង្គរក្សលោក ថោង សារ៉ាត់ និងសាក្សីរួមទាំងចាក់បញ្ចាំងខ្សែវីដេអូពាក់ព័ន្ធសំណុំមើលតែប៉ុណ្ណោះ។
ដោយឡែកលោក ថោង សារ៉ាត់ ដែលតុលាការចោទថាជាមេខ្លោងធំ និងបានបញ្ជាឲ្យអង្គរក្សទៅបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ នោះមិនដែលបានមកចូលរួមក្នុងសវនាការនោះទេ ពោលគឺបានត្រឹមតែបញ្ជូនលិខិតតាមរយៈមេធាវីការពារសិទ្ធិស្នើសុំមិនចូលរួមក្រោមសវនាការ ក្រោមហេតុផលថា មានជំងឺ។
បើយោងតាមការឲ្យដឹងពីសាច់ញាតិ(ប្រពន្ធៗ)របស់ជនជាប់ចោទជាអង្គរក្សលោក ថោង សារ៉ាត់ បានឲ្យដឹងថា ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ សំណុំរឿង ឃាតកម្ម លើលោក អ៊ឹង ម៉េងជឺ នឹងត្រូវលោក តុប ឈុនហេង ជាប្រធានក្រុមប្រឹក្សាចៅជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជាលើកចុងក្រោយក្នុងរយៈពេលពេញមួយថ្ងៃតែម្តង។
ប្រភពដដែលបានសម្តែងការព្រួយបារម្ភចំពោះការទទួលបានយុត្តិធម៌របស់ប្តីៗពួកគាត់ ខណៈដែលជនជាប់ចោទ ជាមេខ្លោងគឺលោក ថោង សារ៉ាត់ មិនដែលបានចូលខ្លួនមកបំភ្លឺជួយដោះបន្ទុកកូនចៅទាល់តែសោះ។
សូម្បីបញ្ជាក់ថា ជនជាប់ចោទនៃសំណុំរឿងនេះរួមមាន៖ ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន (អវត្តមាន)។ ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន។ ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់ត៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលម៉ោងប្រមាណជាជាង៧ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខហាងលក់ផ្លែឈើយីហោ ឡោតិចសេង ក្នុងខណ្ឌចំការមន៕
https://youtu.be/x56FTyNPBd0
មតិយោបល់