ព័ត៌មានជាតិ

លួចទ្រព្យសម្បត្តិនិងកិបកេងលុយក្រុមហ៊ុនសាប៊ូ រ៉ាថាឧត្តមជាង៤ពាន់ដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: បុរសជាបុគ្គលិកក្រុមហ៊ុនផ្នែកទីផ្សារម្នាក់ ត្រូវបានម្ចាស់ក្រុមហ៊ុនចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្រោមការចោទប្រកាន់ បុរសខាងលើជាប់ពាក់ព័ន្ធទៅនឹងលួចទ្រព្យសម្បត្តិ និងកិបកេងលុយរបស់ក្រុមហ៊ុនអស់ជាង៤ពាន់ដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទខាងលើនេះមានឈ្មោះ អ៊ុក ធីតា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនរ៉ាថាឧត្តម ផ្នែកទីផ្សារ និងលក់ ស្នាក់នៅផ្ទះជួលភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះជាដើមចោទ មានឈ្មោះ ដាំង ច័ន្ទតារាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ជាថៅកែក្រុមហ៊ុន មានទីលំនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកទ្រព្យសម្បត្តិ និងលុយកាក់ដែលជនសង្ស័យលួច បន្លំកិបកេង សរុបជាទឹកប្រាក់ចំនួន ៤២៥៤.៤៥ដុល្លារ (បួនពាន់ពីរយហាសិបបួនដុល្លារ)។

តាមម្ចាស់ក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា ចាប់តាំងពីជនសង្ស័យចូលបម្រើការងារក្នុងក្រុមហ៊ុន លក់ផលិតផលចែកចាយម្សៅសាប៊ូ រយ:ពេល៣ខែមកហើយ ខាងក្រុមហ៊ុន ចេះតែបាត់បង់ទ្រព្យសម្បត្តិ និងបាត់លុយកាក់ លុះដល់ឆែកត្រួតពិនិត្យមើល ឯកសារចេញទំនិញ ទើបដឹងថាជនសង្ស័យ លួចបន្លំទំនិញ រហូតដល់ វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ ចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលតែម្តង ។

ជនសង្ស័យបន្ទាប់ពីថៅកែក្រុមហ៊ុនប្តឹងចោទប្រកាន់ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តទៅតាមនីតិវិធី ៕

មតិយោបល់