ព័ត៌មានជាតិ

ស្នេហាត្រីកោណ! ខឹងអតីតប្រពន្ធទៅស្រឡាញ់មិត្តខ្លួននាំគ្នាទៅចាក់គេរបួសធ្ងន់ធ្ងរឃាត់ខ្លួនបានម្នាក់

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោចបក្ខពួក២នាក់ បានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច ចាក់ទៅលើបុរសម្នាក់ ដែលជាគូស្នេហ័ថ្មីរបស់ស្ត្រីជាអតីតប្រពន្ធ និងជាមិត្តរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ រួចព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយនិងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបានម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនបង្កដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ឈិត ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ចំណែកជនរងគ្រោះដែលជនសង្ស័យចាក់ឲ្យរបួសមានឈ្មោះ កែវ លក្ខិណា អាយុ២៥ឆ្នាំ ចំណែកស្ត្រីជាអតីតប្រពន្ធរបស់ជនបង្ក មានឈ្មោះ ខុម ស្រីលក្ខ័ អាយុ២៧ឆ្នាំ។

មុននឹងកើតហេតុការណ៍នេះកើតឡើង ជនដៃដល់ និងស្ត្រីជាអតីតប្រពន្ធបានបែកផ្លូវគ្នាអស់រយ:ពេលជិត១ឆ្នាំមកហើយ។ ក្រោយពីបែកគ្នាហើយនោះ ស្ត្រីជាអតីតប្រពន្ធ បានមកទាក់ទងគ្នាជាមួយនឹងជនរងគ្រោះខាងលើ ដែលជាមិត្តភក្តិគ្នាជាមួយនឹងជនបង្ក លុះដល់ព្រឹកកើតហេតុ ដោយសារតែខឹងនឹងស្ត្រីជាប្រពន្ធទៅស្រឡាញ់មិត្តភក្តិខ្លួន ក៏បបួលបក្ខពួកម្នាក់ទៀត ជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកធ្វើសកម្មភាពយកកូនកាំបិត ចាក់ជនរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ រួចគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ។

ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនិងនគរបាលខណ្ឌដូនពេញ ឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រួចនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅវិញ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់៕

មតិយោបល់