ព័ត៌មានជាតិ

ប្រេងសាំងស៊ុបព័រ និងម៉ាស៊ូតមានសារធាតុទឹក ត្រូវមន្ត្រីជំនាញរកឃើញ ក្នុងស្ថានីយ៍មួយកន្លែង

ភ្នំពេញៈ នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដែលសង្ស័យថាមានលាយទឹកក្នុងប្រេង ស្ថិតនៅភូមិផ្ទាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ប្រេងសាំងស៊ុបព័រ និង ម៉ាស៊ូតមានសារធាតុទឹក ដោយសារ ការជ្រាបគំរបវ៉ានទុយោបូមប្រេង ក្នុងពោងស្តុកប្រេងក្រោមដី។ បន្ទាប់មកមន្ត្រីជំនាញបានឲ្យម្ចាស់ស្ថានីយ៍ផ្អាកការលក់ប្រេងទាំងពីរ ប្រភេទខាងលើ ជាបណ្តោះអាសន្ន រង់ចាំការជួសជុល និងកែតម្រូវឲ្យបានត្រឹមត្រូវឡើងវិញ។

ក្នុងថ្ងៃដដែលនោះដែរ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារដែលដាក់តាំងលក់នៅក្នុងម៉ាតផងដែរ។ មន្ត្រី សាខា ក.ប.ប. បានធ្វើការដកហូតទំនិញចម្រុះ ដូចជាភេសជ្ជៈ មី នំ និង សាប៊ូដុសខ្លួន ដែលហួសកាលបរិច្ចេទប្រើប្រាស់ សរុបចំនួន ១៦៦ គីឡូក្រាម យកមកអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើការណែនាំសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីការអនុវត្តអនុក្រឹត្យលេខ ១៣៣ អនក្រ.បក និងប្រកាសរួមលេខ ០៦១ ស.ន.រ.ប. ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់