កណ្តាល: ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានឲ្យដឹងថា កាលពីវេលាម៉ោង ២ និង ៤៥ នាទីរសៀល ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុច ភូមិ ពាមសាលា ឃុំ ស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្ដាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២ នាក់ ករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក) ៖
១-ឈ្មោះ មាន ភារម្យ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ
២-ឈ្មោះ ផង់ ឈួន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ
ជនសង្ស័យទាំង ២ នាក់ ស្នាក់នៅបច្ចុប្បន្ន ភូូមិ ពាមសាលា ឃុំ ស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្ដាល ។
ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាង ៖
១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ២ កញ្ចប់តូច
២-ទូរសព្ទដៃ ចំនួន ២ គ្រឿង (ម៉ាកហៃយ៉ា ១ គ្រឿង និង ម៉ាកមិត្តហ្វូន ១ គ្រឿង ) និងប្រាក់រៀលចំនួន ១០៨ ០០០ រៀល
៣-ឧបករណ៍វុិចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ១៤ និង ៤៥ នាទី ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះ មាន ភារម្យ ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ ។ ដោយទទួលបានបទបញ្ជាពី ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោកស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតអោយធ្វើការឆែកឆេររកវត្ថុតាង មានការដឹកនាំផ្ទាល់ ដោយលោក វរះសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ធ្វើការត្រួតពិនិត្យ ឆែកឆេរ ផ្ទះរបស់ឈ្មោះ មាន ភារម្យ បានរកឃើញ ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន ២ កញ្ចប់តូច និង ឧបករណ៍សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ មាន ភារម្យ បានសារភាពថា ខ្លួនពិតជាអោយលុយ ឈ្មោះ ផង់ ឈួន ចំនួន១០០០០០រៀល ទៅទិញគ្រឿងញៀន នៅវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីចែកចាយនិង ប្រើប្រាស់ ពិតប្រាកដមែន ។ នៅវេលាម៉ោង ១៥ និង ៣០ នាទីថ្ងែខែដដែលលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល បានអនុញាត្តិឲ្យធ្វើការឃាត់ខ្លួនឈ្មោះ មាន ភារម្យ និងឈ្មោះ ផង់ ឈួន នៅភូមិ ពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
បន្ទាប់មកសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងអនុវត្តន៍ តាមនីតិវិធី ៕





មតិយោបល់