ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកបានបញ្ជាឲ្យពលទាហាន ដាក់ពង្រាយនៅលើកោះ និងថ្មប៉ប្រះទឹក ជាតំបន់គ្មានមនុស្សរស់នៅ ក្នុងសមុទ្រចិនខាងត្បូង ដែលទង្វើនេះ អាចជាការបញ្ឆេះកំហឹងដល់បណ្ដាប្រទេសកំពុងមានជម្លោះ នៅដែនទឹកនោះ ដោយរួមបញ្ចូលទាំងទីក្រុងប៉េកាំងផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយ ទៅកាន់ជំរំយោធា ភាគខាងលិចកោះប៉ាឡាវ៉ាន នៅក្បែរក្រុមប្រជុំកោះ Spratly ជាដែនទឹកមានជម្លោះ លោក Duterte បាននិយាយថា « វាហាក់បីដូចជាអ្នករាល់គ្នា កំពុងដណ្ដើមយកសម្រាប់កោះនៅទីនោះ ហេតុដូច្នេះវានឹងល្អប្រសើរ បើសិនជាយើងទៅរស់នៅ តំបន់ទំនេរនោះ»។
ចិនបានអះអាងថា ស្ទើរតែរាល់ធនធានទាំងអស់ នៅដែនទឹកជម្លោះសមុទ្រចិនខាងត្បូង ជាអធិបតេយ្យភាពរបស់ខ្លួន បើទោះបីជាមានពាក្យបណ្តឹងទាមទារមកពីបណ្ដាប្រទេសជិតខាង ក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងណាក៏ដោយ លើសពីនេះទៅទៀត ក្រុងប៉េងកាំងថែមទាំងបានកសាងកោះសិប្បនិម្មិត នៅតំបន់ថ្មប៉ប្រក់ទឹក ដើម្បីពង្រឹងអំណាចយោធា ជាមធ្យោបាយធ្វើពាណិជ្ជកម្មនៅទូទាំងផ្លូវទឹករបស់ខ្លួនទៀតផង។
លោក Duterte ធ្លាប់បាននិយាយថា លោកនឹងបើកចំហ សម្រាប់ការចែករំលែកធនធានទឹក ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ជាចំណុចមួយ ដែលតុលាការអន្តរជាតិ បានផ្តល់សិទ្ធិផ្តាច់មុខដល់រដ្ឋាភិបាលក្រុងម៉ានីល។
ផ្ទុយទៅវិញនៅពេលនេះ លោកប្រធានាធិបតី បែរជាបង្ហាញឥរិយាបទផ្លាស់ប្តូរទៅវិញ ជាមួយនឹងការប្រកាសរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះថា «វាជាពេលវេលាដើម្បីយើងបង្កើតរចនាសម្ព័ន្ធ និងលើកទង់ជាតិហ្វីលីពីននៅទីនោះ»៕
មតិយោបល់