សៀមរាបៈ លោកអធិការរងស្រុកបន្ទាយស្រី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងគោយន្តកន្ត្រៃដឹកចំរឹងឈើ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិ៦៧ ភូមិកោះធំ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកអធិការបានបន្តថា ជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះ វង្ស សំអាត ភេទប្រុស ស្នាក់នៅភូមិ សាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្លាប់ និងអ្នកបើកគោយន្ត ឈ្មោះ រ៉ាន់ រ៉ន ស្នាក់នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប របួសស្រាល។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តកន្រ្តៃដឹកចំរឹងឈើ បើកបរក្នុងទិសដៅស្របគ្នា ដោយហេតុគោយន្តកន្រ្តៃដឹកចំរឹងឈើវែងហួសទ្រុងមិនមានសញ្ញាសំគាល់ច្បាស់ ក៏មានរថយន្តឡង់គ្រីស័រចង្កូតស្តាំ បើកទៅពីក្រោយបុកចំរឹងឈើ និងគោយន្តបណ្តាលឲ្យអ្នកបើកបររថយន្តជង់នឹងចំរឹងឈើស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកគោយន្តកន្រ្តៃត្រូវបានរថយន្តសាមុយដឹកមកព្យាបាលនៅមណ្ឌលសុខភាពបន្ទាយស្រី។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងគោយន្តទាំង២គ្រឿងមករក្សាទុក រង់ចាំការដោយស្រាយគ្នានាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបាន សមត្ថកិច្ចប្រគល់ជូនប្រពន្ធជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់