ព័ត៌មានជាតិ

Update៖ រថយន្តម៉ាស្តារស្លាកលេខរដ្ឋ បើកកៀរទ្រូងផ្លូវ និងម៉ូតូ រួចបើករត់ ត្រូវប្រជាពលដ្ឋដេញឃាត់ឲ្យសមត្ថកិច្ច

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាស្តារ ស្លាកលេខរដ្ឋមួយគ្រឿង របស់ក្រសួងព័ត៌មាន ទៅកៀរទ្រូងផ្លូវ និងម៉ូតូ បណ្តាលឲ្យខូចខាតតិចតួច ហើយរបួសស្រាលបុរសម្នាក់ ដោយភ្លាមៗនោះ រថយន្តបង្កព្យាយាម បើករត់ត្រូវប្រជាពលរដ្ឋជាច្រើននាក់ មានទាំងម៉ូតូ និងម៉ូតូកង់បីឥណ្ឌា បាននាំគ្នាដេញតាមចាប់បានមកវិញ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវមហាវីថីសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែង បានឲ្យដឹងថា មុនកើតហេតុគេឃើញបុសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តម៉ាស្តារមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខរដ្ឋ11-2-0007 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅកៀរទ្រូងផ្លូវ និងម៉ូតូមួយគ្រឿងមិនចាំម៉ាក ជិះដោយបុរសវ័យចំណាស់ម្នាក់ បណ្តាលរងរបួសស្រាល។

ភ្លាមៗនោះ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាជិះម៉ូតូខ្លះ ជិះម៉ូតូកង់បីខ្លះ ដេញតាមពីក្រោយ រហូតមកដល់ចំណុចផ្លូវ៥៩៨ មុខបណ្ណាល៍យ សម្តេច ហ៊ុនសែន ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ទើបពលរដ្ឋម្នាក់ ជិះម៉ូតូកាក់ពីមុខជាប់ ធ្វើឲ្យរថយន្តឈប់ រួចរយ៉ែថយក្រោយ ទៅប៉ះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកបរដោយបុរសម្នាក់ ដែរជាអ្នកបើកដេញពីក្រោយផងដែរ បណ្តាលឲ្យក្រពឹតផ្នែកខាងមុខបន្តិច ចំណែករថយន្តបង្កទៅមុខទៀតលេងរួច ត្រូវប្រជាពលរដ្ឋឃាត់ទាំងរថយន្ត និងអ្នកបើកបរប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។

ក្រោយកើតហេតុសមត្ថកិច្ច បានយករថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំធ្វើស្រាវជ្រាវរកភាគីខាងម៉ូតូជនរងគ្រោះ មកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់