ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៦ ឧសភានេះ និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញទៅបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី នៅទីក្រុងម៉ូស្គូ និងសូឈី សហព័ន្ឋរុស្ស៊ី។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា អំឡុងពេលដំណើរទស្សនកិច្ចការងារ និងចូលរូមកិច្ចប្រជុំកំពូលខាងលើ ដែលធ្វើឡើងតាមការអញ្ជើញរបស់លោក ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្ត្រីរុស្ស៊ី ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជួបពិភាក្សាការងារ ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងជួបចរចាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីសហព័ន្ឋរុស្ស៊ី ឌីមីទ្រី មេដវេដេវ។
ទន្ទឹមនិងនោះ មានឯកសារសំខាន់ៗមួយចំនួន នឹងត្រូវចុះហត្ថលេខាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាផ្លែផ្ការវាងកម្ពុជា-រុស្ស៊ី។
សេចក្តីជូនព័ត៌មានដដែលក៏បានបញ្ជាក់ទៀតថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបទ្វេភាគីជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម ទើបឡើងកាន់តំណែងផងដែរ៕
មតិយោបល់