ព័ត៌មានជាតិ

ជនសង្ស័យ៣២នាក់និងថ្នាំញៀន៣២៨កញ្ចប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ

ភ្នំពេញៈ ក្រោយព្រឹត្តការណ៍ប៉ះទង្គិចជាមួយមេក្លោងជួញដូរគ្រឿងញៀន បណ្តាលឲ្យស្លាប់មន្ត្រីអាវុធហត្ថម្នាក់ គេសង្កេតឃើញថា កងរាជអាវុធហត្ថរាជធានីភ្នំពេញហាក់ដូចជាកំពុងបង្កើនសកម្មភាពបង្ក្រាបគ្រឿងញៀនកាន់តែក្តៅឡើងៗ ជាក់ស្តែងនៅរសៀលថ្ងៃទី១៥ឧសភា២០១៦សប្តាហ៍នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនគ្រឿងញៀនចំនួន៣២៨កញ្ចប់ និងជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន៣២នាក់ទៅតុលាការ បន្ទាប់ពីធ្វើការស្រាវជ្រាវបង្ក្រាបផ្ទួនៗគ្នាជាច្រើនកន្លែង ដែលក្នុងនោះមានដូចជា៖

១-អាវុធហត្ថខណ្ឌទួលគោកសហការណ៍ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២០នាក់ រួមជាមួយថ្នាំញៀនចំនួន១៧៧កញ្ចប់ នៅចំណុចផ្លូវរទេះភ្លើង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងនៅផ្ទះសំណាក់អូយែស (O’yes) ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយដកហូតបានដែកអក្សរT សម្រាប់លួចកាច់ កម៉ូតូនិងកាំបិតធ្មេញរណាមួយឈុត ដែលជនសង្ស័យបានសារភាពថា ធ្លាប់លួចកាច់ កម៉ូតូបាន០១គ្រឿង ម៉ាកសេ១០០ កូរ៉េ នៅមុខបារចតុមុខ។

២-អាវុធហត្ថខណ្ឌមានជ័យសហការណ៍ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់នៅចំណុចបន្ទប់ជួលលេខ១៤ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងដកហូតថ្នាំញៀនបាន១៣៤កញ្ចប់។

៣-អាវុធហត្ថខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ ដកហូតថ្នាំញៀនបាន ១៧កញ្ចប់ នៅចំណុចបន្ទប់ជួល ភូមិឫស្សី និង បន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងនៅចំណុចស្ថានីយ៍បូមទឹក ភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ៕

photo_2016-05-16_10-20-19 photo_2016-05-16_10-20-20 photo_2016-05-16_10-20-21 photo_2016-05-16_10-20-18 photo_2016-05-16_10-20-22

មតិយោបល់