ភ្នំពេញ:តាំងពីមានព័ត៌មាន បាត់បង់តំណែងរបស់លោក ទិត្យ ថាវរិទ្ធិ អតីតអគ្គនាយករងទូរទស្សន៍បាយ័នមក គេចាប់អារម្មណ៍ថាដំណឹងកាន់តែច្រើនបានទម្លាយចេញថាអ្នកនាង ស៊ឹម សូលីកា ដែលពីមុនជំពប់ដោយចំណងស្នេហ៍ជាមួយលោកនោះ បានងាកទៅស្និទ្ធិយ៉ាងចម្លែកជាមួយលោក អេង រិទ្ធី លើសពីដៃគូការងារ។
យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ សម្រាប់ព័ត៌មានស៊ីជម្រៅរវាងតារាទាំងពីរ ដោយគ្រាន់តែពេលក្រោយមកក៏បានស្ងប់ទៅវិញប៉ុណ្ណោះ។
ប្រភពដែលបន្តលើកឡើងពីមាត់មួយទៅមាត់មួយនោះ បានអះអាងថាអ្នកនាង ស៊ឹម សូលីកា និងលោក អេង រិទ្ធីកាន់តែល្អូកល្អិនគ្នាចម្លែក បន្ទាប់ពីលោកទិត្យ ថាវរិទ្ធី ដែលជាបង្អែកដ៏ធំ លែងមានមុខតំណែងទាំងនៅទូរទស្សន៍បាយ័ន និងជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី។
មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ថា អ្វីជាមូលហេតុដែលនាំឲ្យលោក ទិត្យ ថាវរិទ្ធិ បាត់បង់តំណែងព្រមគ្នានោះទេ ដោយគ្រាន់តែមានការប៉ាន់ស្មានថា គឺបណ្ដាលមកពីលោកបង្កើតបក្សពួក នៅក្នុងទូរទស្សន៍បាយ័ន និងបញ្ហាពុករលួយជាច្រើនក្នុងពេលដឹកនាំ ដែលករណីទម្លាយចេញនេះ គឺមិនទាន់មានការទទួលស្គាល់ពីសមីខ្លួននៅឡើយ។
ការជ្រុះបាត់តំណែងរបស់លោក ទិត្យ ថាវរិទ្ធ បានធ្វើឲ្យអតីតគូស្នេហ៍របស់លោក គឺអ្នកនាងស៊ឹម សូលីកា បែរខ្នងហើយងាកទៅស្និទ្ធិជាមួយលោក អេង រិទ្ធី ប៉ុន្តែក៏មានមនុស្សមិនតិចនោះដែរ ជឿថាទំនាក់ទំនងចម្លែករបស់ពួកគេ គឺគ្រាន់តែជាមិត្តភាពមិនដូចអ្វីដែលបានប៉ាន់ស្មាន។
ម្យ៉ាងមកពីអ្នកទាំងពីរអស់បង្អែកគឺ លោក ទិត្យ ថាវរិទ្ធិ នៅក្នុងទូរទស្សន៍បាយ័ននោះផង ទើបបណ្ដាលឲ្យតារាទាំងពីរត្រូវតែចាប់ដៃគ្នាដើម្បីប្រឈមនឹងការងារ ដែលកាន់តែមានសម្ពាធ ដោយការប្រកួតប្រជែង។
អ្នកទាំងពីរកន្លងមក ធ្លាប់មានដំណឹងថាបានស្រឡាញ់គ្នាក្រៅឆាកបែបនេះ ច្រើនលើកច្រើនសារមកហើយ ប៉ុន្តែនៅពេលម្នាក់ៗប្រកែកញ៉ាញ ហើយបានទម្លាយឲ្យដឹងពីគូស្នេហ៍រៀងខ្លួនទៅ ទស្សនៈយល់ឃើញក៏បានស្ងប់ស្ងាត់។
Post News រង់ចាំការបកស្រាយរបស់អ្នកនាង ស៊ឹម សូលីកា និងលោក អេង រិទ្ធី ដើម្បីបញ្ចប់ការសង្ស័យដែលបានកើតឡើងឲ្យជ្រះស្រឡះ៕
មតិយោបល់