ព័ត៌មានជាតិ

បុករះទៀតហើយ ! រថយន្តជនជាតិចិនម្នាក់បើកមិនប្រយ័ត្នជ្រុលទៅបុករថយន្ត២គ្រឿងទៀតកៀបជាប់គ្នា

ភ្នំពេញ: ភ្នាក់ងារ Post News Media បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់បើករថយន្ដឡិចសុីស RX400 មួយគ្រឿងជ្រុលទៅបុករថយន្ដម៉ាស្ដារដែលម្ចាស់ឈប់នៅលើដងផ្លូវខាងមុខភោជនីយដ្ឋានស៊ាវស៊ាវនិងរុញទៅបុករថយន្ដហាយឡែនឌ័រមួយទៀតបណ្ដាលអោយរថយន្ដទាំង៣គ្រឿងរងការខូចខាត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃ០៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខាងភោជនីយដ្ឋាន ស៊ាវ ស៊ាវ តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា រថយន្ដបង្កម៉ាកឡិចសុីស RX400 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-5988 បើកបរដោយបុរសជនជាតិចិនម្នាក់គេចខ្លួនបាត់ ។ ចំណែករថយន្ដពីរគ្រឿងទៀតម៉ាក ម៉ាស្ដារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7069 ខូចខាតគូទខាងក្រោយចំហៀងខាងឆ្វេង និងមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6375 ខូចខាតទ្វារចំហៀងខាងស្ដាំ ។

ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកស្ដារ និងរថយន្ដហាយឡែនឌ័រឈប់នៅខាងមុខភោជនីយដ្ឋាន ស៊ាវ ស៊ាវ ដោយម្ចាស់ចូលញាំអាហារនៅទីនោះហើយទុករថយន្ដលានចេញមកលើដងផ្លូវ ជាហេតុធ្វើអោយរថយន្ដឡិចសុិស RX400 បើកបរលើដងផ្លូវមិនប្រយ័ត្នផងនោះក៏ជ្រុលបុករថយន្ដម៉ាស្ដារពីក្រោយពេញទំហឹង និងរុញទៅបុករថយន្ដហាយឡែនឌ័រមួយគ្រឿងទៀតគៀបជាប់គ្នាខូចខាតទាំងបីគ្រឿង ។

ក្រោយកើតហេតុអ្នកបើករថយន្ដបង្កបានគេចខ្លួនបាត់តែមានតំណាងបានមកជួយដោះស្រាយតែមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា នៅចំណុចកើតហេតុខាងលើនេះគឺមានភោជនីយដ្ឋានពីរកន្លែងជាប់គ្នាដោយមានភោជនីយដ្ឋាន ស៊ាវ ស៊ាវ និងភោជនីយដ្ឋាន តាយ តាយ ដែលភោជនីយដ្ឋានទាំងពីរនេះគឺស្ទើរតែជារៀងរាល់ថ្ងៃតែងតែយកចំណីផ្លូវធ្វើជាកន្លែងចំណតរថយន្ដរបស់ភ្ញៀវដែលចូលទៅញាំអាហារនៅទីនោះ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ដូចជាករណីខាងលើនេះផងដែរ ៕

មតិយោបល់